អភិបាលខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១៥០គ្រួសារ នៅឃុំភ្នំកុក ស្រុកវើនសៃ


ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១៥០គ្រួសារ នៅឃុំភ្នំកុក ស្រុកវើនសៃ ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ ឯកឧត្តម បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលកសិកម្មគ្រប់ប្រភេទតាមលទ្ធភាពគ្រួសារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅ ក្រោយរង់ការខូចខាតដោយទឹកជំនន់ ទន្ទឹមគ្នានេះក៏ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងមកនេះ បានបង្ហាញឆន្ទៈតាមរយៈសន្លឹកឆ្នោត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ។ ក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ ឯកឧត្តមប្តេជ្ញាខិតខំកសាង អភិវឌ្ឍន៍ និងបម្រើរាល់សេវាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ឆ្លើយតបទៅនឹងការផ្តល់នូវសេចក្តីទុកចិត្តរបស់បងប្អូន ។