សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ​ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្ដែងការគួរសម


នៅព្រឹកថ្ងៃដដែលនេះដែរ បន្ទាប់ពី​អញ្ជើញជួបពិភាក្សាការងារទ្វេភាគី​ ជាមួយនាយករដ្ឋមន្រ្តីវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសា​សន៍​ស្វាគមន៍ជូនចំពោះ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ បានមានប្រសាសន៍ សំដែងនូវការរីករាយដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាម ព្រមទាំងបានធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា។

ជាមួយគ្នានេះសម្តេចតេជោ​ បានស្នើសុំឲ្យឯកឧត្តម​នាយកធ្វើការចែកចាយនូវឯកសារ ដ៏មានសារៈសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមសាស្រ្តាចារ្យ​ សង្ឃឹមថា នឹងអញ្ជើញសម្តេចតេជោ​ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភព​លោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលទាក់ទិនទៅនឹងវិស័យកសិកម្ម ដែលកម្ពុជាកំពុងមានសក្តានុពល។ នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោ​ នាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាក៏ដូចជាប្រទេសនានា ក្នុងតំបន់កំពុងមានការចាប់​អារម្មណ៍ និងមានការយកចិត្តទុកដាក់ដូចគ្នា៕