ទំនាស់ដីធ្លីដ៏រាំរៃចំនួន៤០ករណី ក្នុងស្រុកវាលវែង ត្រូវបានព្រមព្រៀងបញ្ចប់ដោយជោគជ័យ មួយថ្ងៃពេញ, តាមការសម្របសម្រួលដោះស្រាយ ពីអភិបាលខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ នាថ្ងៃពុធ ០៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាស្រុកវាលវែង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសុរិយោដីរដ្ឋថ្នាក់ខេត្ត បានបន្តប្រើប្រាស់តួនាទីជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ធ្លី ជូនប្រជាពលរដ្ឋ ចំនួន៤០ករណីផ្សេងគ្នា ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ។

ពាក់ព័ន្ធនឹងបញ្ហាទំនាស់នេះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា មានតែការជជែកដោះស្រាយទេ ទើបបញ្ហាទាំងអស់ត្រូវបញ្ចប់ តែប្រសិននៅតែប្រកាន់ការរឹងទទឹងដាក់គ្នា និងព្យាយាមស្វែងរកផ្លូវតុលាការនោះ នឹងត្រូវខាតទាំងថវិកា និងពេលវេលា។

ឯកឧត្តមបានបញ្ជាក់ដូច្នេះថា «ការយោគយល់ អធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូចច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឲ្យចោរយ៉ាងអញ្ចឹង»។ ឯកឧត្តមបានបន្ថែមថា «អ្នកយកដីគេត្រូវឲ្យគេ អ្នកជំពាក់លុយគេ ត្រូវសងគេ បើអត់ត្រូវសុំគេ ទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែយោគយល់អធ្យាស្រ័យគ្នា និងមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា»។

សម្រាប់យុទ្ធសាស្ត្រ ឈ្នះ-ឈ្មះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានផ្តិតមេដៃលើកំណត់ហេតុ ដើម្បីបញ្ចប់ទំនាស់ដីធ្លី៤០ករណី រួមមាន ដីតំបន់អភិរក្ស ដីប៉ះពាល់ក្រុមហ៊ុន ដីព្រៃសហគមន៍ ដីប៉ះពាល់ផ្លូវទឹក និងដីជាន់កម្មសិទ្ធិ -ល- ចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំពិភាក្សាសម្របសម្រួលដោះស្រាយទំនាស់ខាងលើនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនក្រុមគ្រួសារម៉ូតូឌុប បងប្អូនអាជីវករផ្សារប្រម៉ោយ និងបងប្អូនដែលមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពប្រម៉ោយផងដែរ៕