ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានថ្លែងថា ករណីដែលឯកឧត្តម កឹម សុខា ប្រកាសលុបចោល គោលការណ៍មិនឈ្លោះ មិនឆ្លើយ មិនឆ្លងនោះកុំចង់មកលេង៤សន្លឹក ជាមួយ CPP ឲ្យសោះ។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា “សូមបញ្ជាក់ជូនណា ថា(សង្រ្គោះជាតិ)អត់លេង៤សន្លឹកដាក់គណបក្សប្រជាជនកម្ពុជាកើតទេ មិនឈ្លោះ មិនឆ្លើយ មិនឆ្លងអាហ្នឹងជារឿងជាមួយតុលាការមិនមែនរឿងជាមួយគណបក្សប្រជាជនទេ ទោះបីជាលើកពាក្យស្លោកហ្នឹងចេញក៏ដោយ យកមកអនុវត្តវិញក៏ដោយ ក៏អត់មានអនុវត្តជាមួយគណបក្សប្រជាជនដែរ គឺអនុវត្តជាមួយតុលាការតែប៉ុណ្ណោះ”។
ឯកឧត្តមបន្តថា បើឯកឧត្តមកឹម សុខា លុបចោលគោលការណ៍ដែលបានដាក់ចេញ ហើយមកលេងជាមួយគណបក្សប្រជាជនគឺខុសមុខសញ្ញា ព្រោះគណបក្សប្រជាជនមានកិច្ចការអ្វីដែលត្រូវឆ្លើយឆ្លងជាមួយ ព្រោះឯកឧត្តម ល្មើសច្បាប់ ហើយមិនអាចចរចាជាមួយគណបក្សប្រជាជនបានទេ ដូច្នេះមានតែឆ្លើយឆ្លងជាមួយតុលាការទេទើបត្រូវ។ ប្រភព៖ សារព័ត៌មាន ដើមអំពិល