ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាំយកស្បៀង និងអំណោយមនុស្សធម៌ ទៅចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ២១៥០គ្រួសារ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ


ដើម្បីចូលរួមរំលែកនូវការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះធម្មជាតិដោយទឹកជំនន់ដែលបង្កឲ្យលិចលង់ផ្ទះសំបែង និងទ្រព្យសម្បត្តិ ព្រមជាមួយការខ្វះខាតស្បៀងអាហារបរិភោគប្រចាំថ្ងៃនោះ ឯក ឧត្តម សាយ សំអាល់ រួមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា មន្រ្តី ថ្នាក់ដឹកនាំក្រោមឱវាទក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្តត្បូងឃ្មុំ និងសប្បុរសជន បាននាំយកនូវអំណោយ និង ស្បៀងអាហារ សំភារៈប្រើប្រាស់ និង ថវិកា យកទៅចែកជូនដល់បង ប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយទឹកជំនន់ ចំនួន ២១៥០គ្រួសារ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ ១៤ កញ្ញា ២០១៨ ។

លោក ងួន ប៊ុនណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឳ បានជម្រាបជូនពីស្ថានភាពទឹកជំនន់ដែលកើតឡើងនាពេលកន្លងមកនេះ បានបង្កឲ្យមានការលិច លង់ផ្ទះសំបែង ទ្រព្យសម្បតិ្ត ប៉ះពាល់ជីវភាព បងប្អូនប្រជាពលរដ្ឋក៏ដូចជាធ្វើឲ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក មួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ ក៏បានធ្វើការជម្លៀសបងប្អូន ដែលរស់នៅតំបន់ដែលទឹកឡើងខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព រួមជាមួយនឹងសត្វ ពាហនៈ ។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍លើកឡើង នូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនា យករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ ប្រធានក្រុមការងារចុះជួខេត្តត្បូងឃ្មុំ ជូន ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់ ដែលបង្ករឲ្យខូច ខាតផលដំណាំផ្ទះសំបែង ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋគួរឲ្យសោកស្តាយ។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានចូលរួមចំណែកនៅក្នុងការជួយសម្រួលទុក្ខលំបាករបស់ប្រជាជនក្នុងគ្រាជួបគ្រោះធម្មជាតិនេះ ហើយតាមរយៈសកម្មភាពនេះបានសរបញ្ជាក់នូវវប្បធម៌ចែករំលែកដ៏ល្អប្រពៃ ដែលកន្លងមកថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដី បានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។
គូសបញ្ជាក់ថា អំណោយសប្បុរសធម៌នេះ បានផ្តល់ដោយអង្គការ Buddhist Compassion Relief Tzu Chi Foundation តាមរយៈ សហភាពសហពន្ធ័យុវជនកម្ពុជា ដែលរួមមាន អង្ក និងសម្ភារៈ មួយចំនួន ដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយក្នុងនោះ១គ្រួសារទទួលបានអង្ក ចំនួន ៤០គក្រ ,មីចំនួន ០១កេស ,នំបុ័ងជ្រុង ចំនួន២ដើម៕