រដ្ឋមន្ត្រីក្រសួងសាធារណការជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរ សាធារណការខេត្តបាត់ដំបង


ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ –កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធាន ក្រុមប្រឹក្សា ខេត្តបាត់ដំបង និងឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធផលការងារ សម្រេចបានសំខាន់ៗ និង កំណែទម្រង់ កំពុងបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សមិទ្ធផលការងារសម្រេចបានទាំង នេះរួមមាន៖ បិតផ្លាកសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់)ចំនួន៣.៤លានសន្លឹកទូទាំងប្រទេស យុទ្ធនាការបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត និងការដាក់ឱ្យដំណើរការមណ្ឌល ប្តូរ និងពន្យារប័ណ្ណបើកបរ នៅផ្សារទំនើប AEON Mall ភ្នំពេញ (ចំណាយពេលប្រមាណ១៥នាទី ដើម្បីទទួលបានប័ណ្ណបើកបរ)។
ជាមួយគ្នានេះផងដែរ ឯកឧត្តមបានគូសបញ្ជាក់អំពី ការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់សេវា សាធារណៈតាមអនឡាញ ដូចជា៖ ការចុះបញ្ជីប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការផ្ទេរកម្មសិទ្ធិ យានយន្ត ព្រមទាំងការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ការសាងសង់ច្រកព្រំដែនស្ទឹងបត់ សម្រាប់នីតិវិធីគយ ការជួសជុល និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ការធ្វើឱ្យប្រសើរឡើង ដល់  គុណភាព នៃការសាងសង់ផ្លូវថ្នល់ និងការប្តូរនីតិវិធីនៃការជួសជុលផ្លូវថ្នល់ ទៅធ្វើនៅពេលយប់ តាមទីតាំង ទាំងឡាយណា ដែលមានការកកស្ទះចរាចរខ្លាំង។ ជាពិសេស ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យមន្ត្រី ទាំងអស់បន្តផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានឆាប់រហ័ស និងប្រកបដោយតម្លាភាព។
ក្រោយពិធីជួបសំណេះសំណាលរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រគល់កៅស៊ូត្រជាក់ Cold Mix Asphalt Concrete ចំនួន៥តោន ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ព្រមទាំងបាន ដឹកនាំធ្វើការសាកល្បង ជួសជុលសំបុកមាន់ មួយចំនួននៅក្នុងទីក្រុង។ ផលិតផលនេះ ផលិតនៅប្រទេស  ជប៉ុន អាចប្រើដើម្បីប៉ះសំបុកមាន់នាគ្រប់រដូវ និងប្រើពេលតិចជាងវិធីសាស្ត្រ និងវត្ថុធាតុដែលធ្លាប់បានប្រើ នាពេលកន្លងមក៕

son-jan-tol-20-09-2016-6

son-jan-tol-20-09-2016-4

son-jan-tol-20-09-2016-3

son-jan-tol-20-09-2016-7

son-jan-tol-20-09-2016-10

son-jan-tol-20-09-2016-9

son-jan-tol-20-09-2016-12

son-jan-tol-20-09-2016-11

son-jan-tol-20-09-2016-13

son-jan-tol-20-09-2016-5