អង្គការកុមារមេគង្គកម្ពុជាបារាំងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តបាត់ដំបង


នាព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនេងថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨ លោក Martin Charles Maindiaux នាយកអង្គការកុមារមេគង្គកម្ពុជា(បារាំង) និងលោក ស៊ិន ស៊ីថា នាយកអង្គការ សមាគមសាមគ្គីភាពបារាំង បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ងួន រតនៈ អភិបាលខេត្តនៅសាលាខេត្តបាត់ដំបងដើម្បីពិគ្រោះយោបល់និងពិភាក្សាការងារ។ កិច្ចជួបពិភាក្សាការងារនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត មន្រ្តីការិយាល័យទំនាក់ទំនងចូលរួមផងដែរ។

លោក Martin Charles Maindiaux នាយកអង្គការកុមារមេគង្គកម្ពុជា(បារាំង) និងលោក ស៊ិន ស៊ីថា នាយកអង្គការ សមាគមសាមគ្គីភាពបារាំង បានជម្រាបជូនឯកឧត្តមអភិបាលខេត្តពីគោលបំណងដែលនឹងត្រូវធ្វើសមាហរណកម្មផ្ទេរផ្ទូរវាងអង្គការសមាគមសាមគ្គីភាពបារាំង ជូនទៅអង្គការកុមារមេគង្គកម្ពុជា(បារាំង) គ្រប់គ្រងបន្តវិញ ដោយឲ្យឯកឧត្តមជួយបង្កលក្ខណៈសម្រួលទៅតាមនីតិវិធីរដ្ឋបាលក្នុងនាមអាជ្ញាធរខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះដែរ លោក Martin Charles Maindiaux ក៏បានរៀបរាប់រាយការណ៍ជូនឯកឧត្តមអភិបាលខេត្តថា អង្គការរបស់បានធ្វើសកម្មភាពលើវិស័យអបរំ នៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៤មកទល់បច្ចុប្បន្ន និងជាដៃគូរអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ហើយបានបណ្តុះបណ្តាលធនធានមនុស្សបានជាច្រើនរយនាក់តាំងពីក្មេងរហូតដល់បានបញ្ចប់ថ្នាក់ វិជ្ជបណ្ឌិត វិស្វករ មេធាវី និងជំនាញផ្សេងៗទៀតនិងបានកសាងសមិទ្ធិផលបានមួយចំនួនផងដែរ។

ឯកឧត្តម ងួន រតនៈ បានឆ្លើយតបតាមសំណូមពររបស់អង្គការទាំង២ថា អង្គាការដែលត្រូវបានបញ្ចប់ត្រូវធ្វើកំណត់ហេតុប្រគល់ទទួលទ្រព្យសម្បត្តិព្រមទាំងបុគ្គលិករបស់អង្គការទាំងអស់ដែលត្រូវផ្ទេរជូនអង្គការថ្មីដែលត្រូវទទួលយកមកគ្រប់គ្រងនិងធ្វើរបាយការណ៍ជាក់លាក់ផ្ញើមករដ្ឋបាលខេត្តនិងផ្ញើទៅថ្នាក់លើពាក់ព័ន្ធ ដោយផ្អែកទៅតាមច្បាប់ស្តីពីការចុះបញ្ជីអង្គការសមាគមក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណលោកនាយកអង្គការទាំងពីរដែលបានធ្វើសកម្មភាពរបស់ខ្លួនលើវិស័យអប់រំ ព្រមទាំងបានជួយបណ្តុះបណ្តាលធនធានមនុស្សមានការរីកចំរើនកន្លងមក និងសូមបន្តជួយអភិវឌ្ឍនៅខេត្តបាត់ដំបងបន្ថែមទៀតឲ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ។