នៅថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម រ័ត្ន វិរ: អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមជាអធិបតី រួមជាមួយឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំអាជ្ញាធរខេត្តត្បូងឃ្មុំ និងលោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ចំនួន ១០២០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់ពីមតិស្វគមន៍ និងលើកឡើងរបស់ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ពីស្ថានភាពជាក់ស្តែងនៅក្នុងខេត្តត្បូងឃ្មុំរួចមក ឯកឧត្តម រ័ត្ន វិរៈ មានប្រសាសន៍ ថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសអង្គការការីតាសកម្ពុជា ដែលបានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត ដើម្បីឆ្លើយតបបន្ទាន់ និងជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តត្បូងឃ្មុំនាពេលនេះ។ ឯកឧត្តម បានលើកឡើងពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងដោះស្រាយជីវភាពប្រជាពលរដ្ឋជួបការលំបាកជានិច្ច។ ជាក់ស្តែង ការចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរងគ្រោះនាពេលនេះ គឺសុទ្ធតែបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១០២០គ្រួសារ នៅក្នុងខេត្តត្បូងឃ្មុំ ដែលបាននិងកំពុងទទួលរងគ្រោះដោយសារទឹកជំនន់តាមមូលដ្ឋានមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ បានទទួលស្បៀងសង្រ្គោះបឋមនៅពេលនេះ ដោយមួយគ្រួសារៗទទួលបាន រួមមានអង្ករ ត្រីខ មី កៅស៊ូតង់។ ជាមួយគ្នានេះដែរ ក៏បានផ្តល់ ស៊ីទែនទឹក បង្គន់ចល័ត និងប្រព័ន្ធចម្រោះទឹកចល័តខ្នាតធំ ជូនអាជ្ញាធរខេត្តដើម្បីផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ប្រើប្រាស់តាមទីទួលសុវត្ថិភាព។ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានអោយដឹងថា អង្គការការីតាកកម្ពុជា ដោយមានការគាំទ្រពីការីតាសអន្តរជាតិ គ្រោងនឹងចែកអំណោយសប្បុរសធម៌មានពីរដំណាក់កាល ដែលនេះជាការឆ្លើយតបដំណាក់កាលបន្ទាន់ និងដំណាក់ស្តារឡើងវិញកំរិតបឋមថែមទៀតនាពេលខាងមុខ។ លោក គឹម រតនា បានបញ្ជាក់ថា អង្គការការីតាស ជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាមួយ ដែរតែងតែចូលរួមសកមភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ដៃគូរអង្គការនានាជាច្រើន ដោយមិនពាក់ព័ន្ធនឹងការងារនយោបាយ និងសាសនាឡើយ។ សកម្មភាពនេះ គ្រោងនឹងបន្តបំពេញការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង កណ្តាល ត្បូងឃ្មុំ និងកំពង់ចាម ផងដែរ៕