សម្តេចតេជោសែន អំពាវនាវថែរក្សាតម្លៃសន្តិភាព


peace-21-09-16-2-copy

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវប្រជាពលរដ្ឋ ថែរក្សាតម្លៃសន្តិភាពដែលជាគ្រឹះនៃការនាំមកនូវការរីកចម្រើន និងធ្វើអោយជាតិរុងរឿង។ ប្រសាសន៍របស់សម្តេចបានធ្វើឡើងតាមសារលិខិតមួយ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញានេះ។

     សូមជំរាបថា កម្ពុជាបានរងនឹងសង្គ្រាមស៊ីវិលប្រមាជិត ៣ទសវត្ស និងបានទទួលសន្តិភាពពិតប្រាកដនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោសែន។ សម្តេចបានមានប្រសាសន៍ថា សន្តិភាពដែលកម្ពុជាមានក្នុងរយៈពេលកន្លងមកនេះ បានធ្វើឲ្យកម្ពុជាសម្រេចជោគជ័យក្នុងការរក្សាកំណើនសេដ្ឋកិច្ច… ហើយ GDP អាចបន្តកើនឡើងដល់ជាង ១ពាន់ ៣០០ដុល្លារ នៅឆ្នាំ ២០១៦នេះ ដែលធ្វើឱ្យកម្ពុជាបានប្រែខ្លួនពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យម កម្រិតទាប។

     អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សពី ៥៣,២% នៅឆ្នាំ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤ ជាលទ្ធផលប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងរស់នៅក្នុងសង្គមមួយ ដែលមានការរីកចម្រើនពី ១ថ្ងៃទៅ ១ថ្ងៃ ។

     សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតបានមានប្រសាសន៍ថា កម្ពុជាក៏ដូចជាប្រទេសជាច្រើនទៀតក្នុងពិភពលោក ចូលរួមប្រារពទិវាសន្តិភាពអន្តរជាតិ ដើម្បីឆ្លុះបញ្ជាំនូវឆន្ទៈដ៏មុតមាំ និងការប្តូរផ្តាច់ក្នុងការថែរក្សាសន្តិភាព និងរួមចំណែកការពារសន្តិភាពក្នុងតំបន់ និងពិភពលោក ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិ។

     សម្តេចបញ្ជាក់ថា ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាដ៏ប្តូរផ្តាច់នេះ គឺដោយសារតែការយល់ច្បាស់ពីតម្លៃនៃសន្តិ ភាព ក្រោយកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជិត ៣ទសវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែល បំផ្លាញប្រទេសស្ទើរខ្ទេចខ្ទី។

     សារលិខិត សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា កម្ពុជាដែលធ្លាប់ជាប្រទេសល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ និងចំការមីន បានក្លាយមកជាប្រទេសមានសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាពពេញផ្ទៃប្រទេស ជាប្រទេសដែលទាក់ទាញភ្ញៀវទេសចរជាង ៤លាននាក់ ក្នុង ១ឆ្នាំ និងទាញវិនិយោគទុនបរទេសកាន់តែច្រើនឡើង និងជាប្រទេសដែលសម្រេចបានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។