អាគារផ្ដល់ឈាម និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រ តម្លៃជាង៨០ម៉ឺនដុល្លារត្រូវបានសម្ពផធដាក់ឱ្យប្រើប្រាស់


អាគារមណ្ឌលផ្តល់ឈាម និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ តម្លៃជាង៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់ប្រជាពលរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃអង្គារ ១ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដម Michael Newbill អនុប្រធានបេសកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកំម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ រួមជាមួយបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្ត។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ អាមេរិក តាមរយៈស្ថានទូតអាមេរិក ដែលបានផ្ដល់នូវអាគារដ៏មានសារៈសំខាន់នេះដល់ប្រជាជនក្នុងខេត្ត តាកែវ ដែលវានឹងបម្រើនូវប្រយោជន៍យ៉ាងច្រើន ក្នុងការទទួលបាន សេវាផ្ដល់ឈាមគ្រប់គ្រាន់ ឆ្លើយតបទៅ និងសេចក្ដី តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្នុង ខេត្តតាកែវ និងតំបន់ជុំវិញ ស្របតាមយុទ្ធសាស្រ្ត របស់ក្រសួងសុខា ភិបាលផងដែរ។

ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើបញ្ហា សុខភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងបានគាំទ្រយ៉ាងពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ដល់វិស័យសុខាភិបាល ដើម្បីពង្រឹង ពង្រីក និងបង្កើន គុណភាព នៃការផ្ដល់សេវា ពិនិត្យ ព្យាបាលជម្ងឺជូនប្រជា ពលរដ្ឋប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាក់ស្តែងសេវាសុខាភិបាលដូចជាមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាព អគារសម្ភព បាននឹងកំពុងពង្រីកខ្លួនទៅដល់មូលដ្ឋានភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋដើម្បីផ្តល់សេវាជួយសង្គ្រោះ និងពិនិត្យព្យាបាលបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធិភាព។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីសុខាភិបាល ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ រួសរាយ រាក់ទាក់ដាក់អ្នកជម្ងឺ និងខិតខំឱ្យអស់ពីលទ្ធភាពក្នុងការសង្រ្គោះ ថែទាំអាយុជីវិតប្រជាជនយើង ដោយអនុវត្តតាមអវត្ត អនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ “ត្រូវផ្ដល់សេវាសិនចាំគិតគូរការបង់ថ្លៃ សេវា ជាក្រោយ” ។