ចិន ផ្តល់ជំនួយរថយន្ត ៥២គ្រឿង ម៉ូតូ ៣០០គ្រឿង និងឧបករណ៍អេឡិចត្រូនិកតម្លៃ ២,៥លានដុល្លារ សម្រាប់ការធ្វើជំរឿននៅកម្ពុជា


រដ្ឋាភិបាលចិន បានផ្តល់ជំនួយជារថយន្ត ម៉ូតូ រួមគ្រឿងអេឡិចត្រូនិកជាច្រើនគ្រឿងមានតម្លៃសរុបប្រមាណ ២,៥លានដុល្លារ ដើម្បីបម្រើដល់ការធ្វើជំរឿននៅកម្ពុជា ដែលនឹងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខនេះ។

យោងតាមរបាយការណ៍ដែលបង្ហាញក្នុងពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី-ខេត្ត និងប្រគល់ទទួលសម្ភារៈជំរឿន ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញថា សម្ភារៈដែលជាជំនួយរបស់ចិននេះរួមមាន៖ រថយន្ត៥២គ្រឿង ម៉ូតូ ៣០០គ្រឿង កុំព្យូទ័រលើតុ៤៥០គ្រឿង កុំព្យូទ័រយួរដៃ៥០គ្រឿង ម៉ាស៊ីនបោះពុម្ពឯកសារ៣០គ្រឿង ម៉ាស៊ីនបញ្ចាំងSlide៣០គ្រឿង ម៉ាស៊ីនថតចម្លង១០គ្រឿង Tablet ២០០គ្រឿង និងម៉ាស៊ីន Server។

តំណាងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក លី អាន បានថ្លែងថា ការធ្វើជំរឿនប្រជាជននេះ គឺមានសារៈសំខាន់ណាស់ចំពោះការស្វែងយល់ពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិ និងការចងក្រងគោលនយោបាយនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងជីវភាពរបស់ប្រពលរដ្ឋ។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ជំនួយរបស់ចិននៅពេលនេះ នឹងជាចំណែកមួយជួយឲ្យការធ្វើជំរឿនរបស់រាជរដ្ឋាភិបាលកម្ពុជា បានដំណើរការដោយភាពល្អប្រសើរ និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា កម្ពុជានឹងចាប់ផ្តើមធ្វើជំរឿនប្រជាជនលើកទី៣ នឹងចាប់ធ្វើពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ជំរឿននេះគ្រោងប្រើមន្រ្តីរហូតដល់ទៅ ៤៧,០០០នាក់ និងគ្រោងចំណាយថវិកាប្រមាណ ៨លានដុល្លារអាមេរិ ដែលជាថវិការបស់រាជរដ្ឋាភិបាល។ បើតាមការប៉ានស្មានប្រជាពលរដ្ឋនៅកម្ពុជាក្នុងឆ្នាំ២០១៩ អាចកើនឡើងរហូតដល់ ១៦លាននាក់៕