អគ្គនាយកពន្ធដារ ចែករំលែកបទពិសោធន៍ជោគជ័យនៃការធ្វើកំណែទម្រង់ និងទំនើបកម្មថ្មីៗរបស់ពន្ធដារកម្ពុជា ក្នុងវេទិកាពន្ធដារប្រទេសក្នុងតំបន់មេគង្គ នៅក្រុងណានីង


(ចិន)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងសិក្ខាសាលាពន្ធដារ ប្រទេសក្នុងតំបន់មេគង្គ ក្រោមប្រធានបទ «2018 Langcang Mekong River Cooperation Mechanism Member Countries Taxation» នៅទីក្រុងណានីង តំបន់ស្វយ័តគង់ស៊ីជាំង សាធារណ:រដ្ឋប្រជាមានិតចិន។

វេទិការដ៏មានសារ:សំខាន់នេះ ស្របពេលដែលគំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់ ឬខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវជំនួញសូត្រ និងផ្លូវជំនួញសូត្រសមុទ្រសតវត្សរ៍ទី២១ (Belt and Road Initiative – BRI or Silk Road Economic Belt) គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលចិន ហើយនឹងផ្តោតលើការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស Eurasia ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន (PRC)។

សម្រាប់ក្របខណ្ឌប្រជាជាតិតំបន់មេគង្គ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការពន្ធដារបណ្តាប្រទេស Langcang Mekong នឹងជំរុញការធ្វើការរួមគ្នា ក្នុងន័យធ្វើឲ្យប្រព័ន្ធពន្ធដារមួយ ដែលស្របតាមការវិវត្តនៃសេដ្ឋកិច្ចក្នុងតំបន់ និងសាកលលោក ហើយប្រព័ន្ធពន្ធដារមួយ ដែលធ្វើអោយប្រសើរឡើនូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅក្នុងកំឡុងពេលនៃកិច្ចប្រជុំ លោក គង់ វិបុល ត្រូវបានភាគីម្ចាស់ផ្ទះសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញលោកក្នុងការ ចែករំលែកបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធ នឹងជោគជ័យនៃការធ្វើកំណែទម្រង់ និងទំនើបកម្មថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជានារយៈពេល៦ឆ្នាំចុងក្រោយ ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងនូវបញ្ហាប្រឈមនានា សម្រាប់ស្ថាប័នពន្ឋទាំងអស់ទាំងក្នុងតំបន់ និងក្នុងសាកលលោក មានជាអាទិវប្បធម៌នៃការបង់ពន្ធមានកម្រិតទាប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ភាពលំបាកក្នុងការយកពន្ធសម្រាប់អាជីវកម្មអនឡាញ បញ្ហាប្រឈមនៃការផ្ទេរថ្លៃជាដើម ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជារួមគ្នាដោះស្រាយក្នុងក្របខ័ណ្ឌតំបន់មេគង្គ៕