ឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំអន ផ្តាំតាមលោក ស្យុង​​ ប៉ ថា កម្ពុជាសូមអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលតែងតែគាំទ្រកម្ពុជារហូតមក


លោកស្រីឧបនាយករដ្ឋ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តាមរយៈលោក ស្យុង ប៉​ ឯកអគ្គរដ្ឋទូតទើបផុតអាណត្តិ បានថ្លែងថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិនផងដែរ ដែលតែងតែគាំទ្រកម្ពុជារហូតមក។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក ស្យុង ប៉ ចូលជួបសម្តែងការគួរសម និងជំរាបលា គ្រាលោកបានបញ្ចប់អាណត្តិការទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បន្ទាប់ពីបានបំពេញការងារអស់ រយៈពេលពីរឆ្នាំ ប្រកបដោយភាពជោគជ័យរួចមក។

នៅក្រោយបញ្ចប់ជំនួបនេះ លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានឱ្យដឹងថា តាមរយៈនៃជំនួបនេះ លោក ស្យុង ប៉ ក៏បានថ្លែងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ លោកបានធ្វើកិច្ចការងារជាច្រើន ពិសេសជួយសម្របសម្រួល ក្នុងដំណើរទស្សនកិច្ច លោកប្រធានាធិបតីចិន ស៉ី ជិនពីង, លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនផងដែរ។

លោក ស្យុង ប៉ បានថ្លែងបន្តថា ក្នុងអាណត្តិរបស់លោក លោកបានយកចិត្តទុកដាក់ខ្លាំង នៅក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលក្នុងនោះ ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងចិន-កម្ពុជា ដល់ចំណុចថ្មីមួយទៀត។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោក ស្យុង ប៉ និងមន្ត្រីការទូតរបស់ចិនទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិន បានរីកចម្រើនដល់កម្រិតខ្លាំងឡើងថែមទៀត។ លោកស្រីបន្តថា ទំនាក់ទំនងរវាងប្រទេសទាំង២ បានឈានដល់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានមានប្រសាសន៍ថា កម្ពុជា-ចិន គឺជាមិត្តដែកថែប ដែលកសាងឡើង ដោយភាពស្មោះត្រង់ រវាងមិត្តនិងមិត្ត។

សូមបញ្ជាក់ថា លោក ស្យុង ប៉ ត្រូវបានរដ្ឋាភិបាលចិន ជ្រើសតាំងឲ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីអំឡុងឆ្នាំ២០១៦ ហើយមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ ដែលលោកត្រូវបានបញ្ចប់អណត្តិការទូតនេះ។ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ឯកអគ្គរដ្ឋទូតថ្មី ដែលនឹងត្រូវមកបន្ដបេសកកម្មកាទូតនេះ ក្រសួងការបរទេសកម្ពុជា មិនទាន់បានបញ្ជាក់នៅឡើយ៕