រដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញា លើកស្ទួយ គាំទ្រដល់ការអភិវឌ្ឍន៍ តំបន់ត្រីកោណ ប្រទេសទាំងបី


ភ្នំពេញ: បើតាមនាយកដ្ឋានព័ត៌មាននៃរដ្ឋសភាជាតិកម្ពុជា បានឲ្យដឹងថា គណៈកម្មការឬគណៈកម្មាធិការការពារជាតិ សន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាចិត្តលើកស្ទួយ គាំទ្រដល់ការអភិវឌ្ឍន៍ តំបន់ត្រីកោណ ប្រទេសទាំងបី។
បន្ទាប់ពី បានដំណើរកិច្ចប្រជុំពេញមួយថ្ងៃ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីក្រុងញ៉ាចាង ខេត្តខាញ់ហ៊រ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយឈរលើគោលការណ៍មិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងគ្នា កិច្ចប្រជុំលើកទី៣នៃគណៈកម្មការឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានបិទ បញ្ចប់កិច្ចប្រជុំដោយជោគជ័យដោយភាគីចូលរួមទាំងបីប្រទេស បានឯកភាពគ្នា ក្នុងការលើកស្ទួយតួនាទី និងភារៈកិច្ចតាមដានរបស់ គណៈកម្មាធិការឬគណៈកម្មការសន្តិសុខ ការពារជាតិ រដ្ឋសភា នៃប្រទេសទាំងបីក្នុងការគាំទ្រដល់ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណរបស់ រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បន្តទៀត។
ក្នុង កំណត់ហេតុដែលចុះហត្ថលេខាដោយ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក ខាំស៊ុគ វិនថាវង្ស ប្រធានគណៈកម្មាធិការការពារប្រទេស និងសន្តិសុខ នៃរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក វក់ ចុក វៀត ប្រធានគណៈកម្មាធិការការពារប្រទេស និងសន្តិសុខ នៃរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចែងថា បន្តគាំទ្រយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងនៃរដ្ឋាភិបាលទាំងបី ក្នុងការជំរុញបញ្ចប់ការងារបោះបង្គោលព្រំដែនដើម្បីអភិវឌ្ឍតំបន់ ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សហប្រត្តិបត្តិការ និងប្រកបដោយការអភិវឌ្ឍន៍រួមគ្នា ។
នៅពេលបញ្ចប់កិច្ចប្រជុំ ប្រធានគណៈកម្មការឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខានៅលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៣នេះ ដែលមាន៨ចំនុច។ គណៈកម្មការឬគណៈកម្មាធិការការពារជាតិនិងសន្តិសុខ នៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក៏បានឯកភាពគ្នានៅចំនុចទី៦ គឺការជំរុញលើកទឹកចិត្តរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ដើម្បីធានាបាននូវការគ្រប់គ្រង ការទាញយក និងការប្រើប្រាស់ ដោយចីរភាពនូវទន្លេមេគង្គ និងការពារធនធានទន្លេ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងធានាបាននូវកិច្ចការពារផលប៉ះពាល់លើបរិស្ថាន និងសង្គម។ ចំណែកចំនុចទី៧ ប្រឹក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសរៀងខ្លួន ដើម្បីធ្វើអោយប្រសើរឡើងនូវយុទ្ធនាការអប់រំផ្សព្វផ្សាយអំពី ចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីរូមចំណែក ដល់ការអភិវឌ្ឍន៍សហគមអាស៊ានប្រកបដោយសន្តិភាព មិត្តភាព និងស្ថេរភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់គណៈកម្មការ ឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម ក្រោមប្រធានបទ “បន្តការលើកស្ទួយ តួនាទីភារកិច្ចគណៈកម្មការឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម ក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសន្តិសុខ ដើម្បីគាំទ្រ
ដល់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម រួមចំណែកអភិវឌ្ឍសហគមន៍អាស៊ានអោយបានរឹងមាំ”។
រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជា មានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវមានចំនួន៤ខេត្ត និងប្រទេសវៀតណាម មានខេត្តចំនួន៥។ គណៈកម្មការឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខប្រទេសទាំងបី តែងតែជួបប្រជុំគ្នាដើម្បីគាំទ្រនិងជំរុញដល់ការងារអភិវឌ្ឍន៍របស់ រដ្ឋាភិបាលប្រទេសទាំងបី។
ចាប់ពីឆ្នាំ២០១៦នេះតទៅ កិច្ចប្រជុំរវាងគណៈកម្មការ/គណៈកម្មាធិការនៃរដ្ឋសភាប្រទសទាំងបី នឹងត្រូវធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង លើគោលការណ៍ប្តូរវេនគ្នា។ ក្នុងន័យនេះ កិច្ចប្រជុំលើកទី៤ នឹងត្រូវទទួលរៀបចំដោយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៨។ ពេលវេលា ទីកន្លែង មូលបទ និងកម្មវិធីប្រជុំនឹងជូនដំណឹងតាមរយៈការទូត នៅពេលក្រោយ៕

ae22-09-2016-2

ae22-09-2016-1

ae22-09-2016-3