ស្ទឹងត្រែង៖ នៅក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង នារសៀល ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០១៨។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ បំពេញកាតព្វកិច្ចការពារ បូរណភាពទឹកដី ហើយក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដល់ការចងសម្ព័ន្ធភាពរវាងក្រសួងបរិស្ថាន និងបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមជាមួយក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិ និងការផ្សារភ្ជាប់គ្នា ការពារសន្តិសុខសមរភូមិមុខ និងការពារទឹកដីដ៏រ៉ឹងមាំ និងសមរភូមិក្រោយ ការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋក្នុងវិស័យការពារជាតិឲ្យមានការរីកចម្រើន។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី របស់យើងឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថានៅក្នុងរដូវភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែរៀបចំពិធីបុណ្យឧទ្ទិសកុសល ដល់ញាតិការដែលបានចែកឋានទៅលោកខាងមុខ នៅតាមវត្តអារាម ហើយនាំយកថវិកានិងគ្រឿងឧបភោគបរិភោគជូនអ្នកមានគុណផងដែរ។ ឯកឧត្តម បានចាត់ទុកថាការជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ព នៅពេលនេះ គឺជាការរំលឹកគុណដល់អ្នកមានគុណ ក្នុងនោះមានកងខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ឈរជើងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ដែរថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាពរជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី១។
សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន ពលទាហាន នៅបញ្ជាការដ្ឋានយោធពលភាគទី១ ឯកឧត្តម សាយ សំអាល់ រួមទាំងប្រតិភូអំដំណើរ បានផ្តល់អំណោយជូនដល់កងទ័ព មាននំអន្សម ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ មី ត្រីខ អង្ករ តង់ និងថវិកាផ្តល់ជូនកងទ័ពនៅបញ្ជាការដ្ឋានយោធពលភាគទី១ បន្ថែមទៀត។ ដោយឡែកនៅរាត្រីថ្ងៃដដែលនេះដែរ ឯកឧត្តម សាយ សំអាល់ បានឧបត្ថម្ភពិធីពិសារអាហារសាមគ្គីជាមួយនាយទាហាន និងពលទាហានផងដែរ។