ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តម លី សារ៉ារិទ្ធ បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពជាក់ស្ដែងនៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងវិស័យឯកជន និងសហគមន៍កសិកម្ម


ដើម្បីផ្សាភ្ជាប់និងឆន្ទៈ គោលបំណង ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានផ្តោតជាសំខាន់តាំងពីឆ្នាំ ២០១៦មក ថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២នេះ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រីអមដំណើរដោយឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពជាក់ស្ដែងនៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងវិស័យឯកជន និងសហគមន៍កសិកម្មនៅឃុំសង្កែ១ ស្រុកឆែប ខេត្តខេត្តព្រះវិហារ។

យោងតាមការរាយការណ៍របស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានឲ្យដឹងថា បច្ចុប្បន្នខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ ដែលមានសមាជិកសរុប ៩ ២៨៥នាក់។ ក្នុងនោះស្រ្តីចំនួន ៦ ០៧០នាក់ ហើយភាគហ៊ុនសរុបមាន ៣ ១៧៥លានរៀល និងទុនជាសាច់ប្រាក់ចំនួន ៥ ៤៧៣លានរៀល សម្រាប់ការធ្វើឥណទានសាច់ប្រាក់ ផ្គត់ផ្គង់សម្ភារៈកសិកម្ម ការប្រើប្រាស់សេវារួមគ្នា ការចែកចាយទឹកស្អាត និងទីផ្សារស្រូវ ដំឡូងមីសរីរាង្គ។

គួរជាទីមោទនៈ ក្នុងឆ្នាំ២០១៨នេះ មានសហគមន៍កសិកម្មចំនួន ៣៤សហគមន៍ បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គសម្រាប់ ៤ក្រុមហ៊ុន រួមមានក្រុមហ៊ុន Amru Rice, ក្រុមហ៊ុន Agro Angkor Inter Trade, ក្រុមហ៊ុន Signatures of Sia និងក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា CACC លើបរិមាណស្រូវសរុប ២៦ ៩៥៣តោន ដែលមាន ៥ ១៥១គ្រួសារ ចូលរួមផលិតលើផ្ទៃដីជាង ១៦ ២៥៦ហត។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោម ៣៤សហគមន៍នោះក៏មានសហគមន៍ចំនួន ៨ ស្មើនឹង ៥៧៧គ្រួសារ លើផ្ទៃដី ៧៨៩ហត ដែលបានឈានដល់ការចុះកិច្ចសន្យាផលិតដំឡូងមីសរីរាង្គស្រស់សម្រាប់ជូនក្រុមហ៊ុន CACC ចំនួន ១០ ៧៤៨តោនផងដែរ។ ចំពោះការកំណត់តម្លៃរវាងភាគីក្រុមហ៊ុននិងសហគមន៍ ជាពិសេសតម្លៃស្រូវគឺ ភាគីទាំងពីរបានឯកភាពគ្នាកំណត់តាមតម្លៃទីផ្សារជាក់ស្ដែង ដោយយោងតាមតម្លៃទីផ្សារក្នុងរយៈពេល ៧ថ្ងៃកន្លងមក ដែលបានទិញដោយរោងម៉ាស៊ីនកិនស្រូវធំៗចំនួន ៣កន្លែងនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

នាឱកាសដ៏ប្រពៃនេះ តាមរយៈឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ជូនចំពោះបងប្អូនកសិករដែលមានវត្តមាននាថ្ងៃនេះ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងមន្ទីរកសិកម្មខេត្តព្រះវិហារ វិស័យឯកជន និងសហគមន៍ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាប្រកបដោយសក្កិសិទ្ធភាព ប្រសិទ្ធភាព និងចីរភាពដើម្បីលើកកម្ពស់វិស័យកសិកម្ម និងជីវភាពគ្រួសាររបស់ប្រជាកសិករបានយ៉ាងល្អ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យគ្រប់ភាគីពាក់ព័ន្ធ៖ ១. បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ២. បន្តពង្រឹង និងថែរក្សាឲ្យបាននូវគុណភាពផលិតផលស្របតាមតម្រូវការរបស់វិស័យឯកជន ដែលនេះហើយជាគន្លឹះដ៏សំខាន់ក្នុងការធានាដល់ទីផ្សារជូនសហគមន៍។ ៣. ព្យាយាមពង្រីកសមត្ថភាពរបស់សហគមន៍ និងការប្រើប្រាស់ដីសហគមន៍ឲ្យអស់លទ្ធភាព ដើម្បីធ្វើការដាំដុះដំណាំជម្រុះដែលកំពុងមានសក្តានុពល និងតម្រូវការខ្ពស់ដូចជាចេក ស្វាយ ។ល។ ថែមទាំងបង្កើនការចិញ្ចឹមសត្វគោ មាន់ និងត្រី ជាក់ស្ដែងនឹងធ្វើឲ្យប្រាក់ចំណូលមានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។ ៤. មន្ទីរកសិកម្មខេត្ត និងមន្ត្រីជំនាញត្រូវបន្តសកម្មភាពចុះជួយដល់សហគមន៍ឲ្យមានភាពទូលំទូលាយ និងមានប្រសិទ្ធភាពធ្វើយ៉ាងណាជម្រុញវិស័យកសិកម្មឲ្យកាន់តែមានភាពរីកចម្រើន និងមាននិរន្តរភាព។