រាជរដ្ឋាភិបាលបញ្ជាឱ្យថែរក្សាបង្គោលព្រំដែនចាស់


     រាជរដ្ឋាភិបាលបានណែនាំឲ្យថែរក្សាបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលមានតាំងពីជំនាន់កូសាំងស៊ីន បើទោះបីជាកម្ពុជាបានរៀបចំបង្គោលព្រំដែនថ្មី បោះរួចរាល់ជាមួយនឹងប្រទេសវៀតណាមរួចក៏ដោយ។

     សារាចរបានសរសេរណែនាំ ដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ត្រូវថែរក្សាបង្គោលព្រំដែនចាស់ទាំងនោះ ដែលសេសសល់តាំងពីការកំណត់ព្រំដែនរវាង ព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុននិងក្រោយទសវត្សរ៍ឆ្នាំ១៨៧០។

     សារាចរចុះហត្ថលេខាថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាការរក្សានេះ គឺដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយនៃសាវតាជាតិខ្មែរ និងការសិករិចរិលដោយធម្មជាតិ ដើម្បីទុកអោយកូនចៅជំនាន់ក្រោយបានឃើញ អតីតបង្គោលព្រំដែនទាំងនោះ និងធ្វើការប្រៀបធៀបជាមួយនឹងបង្គោលព្រំដែន បោះនៅជំនាន់ក្រោយនាពេលនេះ ។

     សារាចរ ៥ចំណុច បានសរសេរណែនាំថា ចាំបាច់ត្រូវរក្សាបង្គោលចាស់ទាំងនោះ បើទោះបីជាទ្រុឌទ្រោមកម្រិតណាក៏ដោយ… ហើយបើបង្គោលព្រំដែនចាស់នោះ បាក់ចេញពីគ្រឹះរបស់វា ត្រូវរក្សាទុកនៅកន្លែងណាមួយ មានសុវត្ថិភាព ដើម្បីទុកអោយប្រជាពលរដ្ឋទូទៅបានឃើញ និងស្គាល់ ។ សារាចរណែនាំបានបញ្ជាក់ទៀតថា ក្នុងករណីបង្គោលចាស់បានបាក់ចេញ ពីគ្រឹះដែលពុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន មានភារកិច្ចធ្វើការ ចរចាជាមួយភាគីវៀតណាម ស្នើយកបង្គោលទាំងនោះមករក្សាទុកនៅកម្ពុជា ។

     សារាចរបានស្នើអាជ្ញាធររួមសហ ការជាមួយនឹងប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយព្រំដែន ត្រូវសហការស្វែងរកបង្គោល ឬគ្រឹះព្រំដែនចាស់ សេសសល់ថែមទៀត ដើម្បីប្រមូល ឬចងក្រងទុកជាឯកសារស្រាវជ្រាវ ។