កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់


កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិគឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាស ដែលឯកឧត្តមចូលរួមនៅក្នុងកម្មវិធីលើកតម្កើងឥរិយាបថនៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាក្នុងរាជធានីភ្នំពេញដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានាជាច្រើនរូបទៀតក្នុងនោះក៏មានវត្តមានរបស់
លោក Edward Vaizey បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថាកម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេសក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។

នៅក្នុងឱកាសនោះខ្សែវីដេអូអប់រំពីរដែលនិយាយពីការប្រឆាំងនឹងការជូញដូរសត្វព្រៃខុសច្បាប់ និង និងការអភិរក្សជីវៈចម្រុះត្រូវបានចាក់បញ្ចាំង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការ ផលិតខ្សែវីដេអូអប់រំនេះដោយថ្លែងថាវានឹងចូលរួមក្នុងការកែប្រែឥរិយាបថពលរដ្ឋមួយចំនួនឱ្យស្រឡាញ់ ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងចូលរួមអភរិក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ ជំនាន់ទៅមុខទៀត។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថាគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។