អភិបាលខេត្តរតនគិរី និងអញ្ជើញទៅកាន់បិណ្ឌវេនទី៦នៅវត្តចំនួនពីរក្នុងខេត្តរតនគិរី


ឯកឧត្តម ថង សាវុនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរួមទាំង មន្រ្តីក្រោមឱវាទ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តចំនួនពីរគឺវត្តសីម៉ាសុវណ្ណគិរីហៅវត្តអូរយ៉ាដាវស្ថិត ស្រុកអូរយ៉ាដាវនិងវត្ត រតនរង្សីហៅវត្តបរកែវស្ថិតនៅស្រុកបរកែេវ ខេត្តរតនគិរិ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨។

ពិធីបុណ្យកាន់បិណ្ឌវេនទី៦នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការ បានគោរពថ្វាយភួងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូប ព្រះសម្មាសាម្ពុទ្ធ និងនមសិកា ព្រះរតនត្រ័យរួចមក ក៏បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនដល់ព្រះសង្ឈ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ និងអញ្ជើញរាប់បាត្រដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី សូមឲ្យទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ហើយក៏បានបួងសួងសុំនូវសេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងរួមទាំងមន្រ្តីរាជការ បានប្រគេនទេយ្យវត្ថុ និងប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃ ព្រមទាំងមាន៖ អង្ករ ទឹកផ្លែឈើ ទឹកសុទ្ធ ស្ករស ទឹកដោះគោ ទឹកស៊ីអ៊ីវ ទឹកត្រី មី ត្រីខ តែ ផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌមានរយៈ១៥ថ្ងៃ ចាប់ថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ គឺជាថ្ងៃភ្ជុំបិណ្ឌធំ ដែលប្រជាពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា តែងតែអញ្ជើញទៅប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌទៅតាម ទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមទីអារាមនានារៀងៗខ្លួន៕