នាព្រឹក ថ្ងៃច័ន្ទ ៧រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ នៅកងពលតូចអន្តរាគមន៍លេខ៧ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើងនៅកងពលតូចអន្តរាគមន៍លេខ ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ពិធីសំណេះសំណាលរបស់យើងនាពេលនេះ ស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើនប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយនោះ ឯកឧត្តមក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ សូមប្រកបដោយពុទ្ធពរ និងរជ័យទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ ក៏មាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងផ្តល់អាហារូបករណ៍សិក្សាមុខជំនាញបច្ចេកទេសផ្សេងៗនៅតាមវិទ្យាស្ថាន និងមជ្ឍមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ផងដែរ។