ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងសហការីបានបន្តដំណើរឆ្ពោះទៅពិនិត្យវឌ្ឍនភាព នៃគម្រោងវិនិយោគរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ


បន្ទាប់ពីពិធីសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន ពលទាហាននៃអង្គភាពវរៈសេនាតូចលេខ២ ការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពតត្រូវបានបញ្ចប់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងសហការីបានបន្តដំណើរឆ្ពោះទៅពិនិត្យវឌ្ឍនភាព នៃគម្រោងវិនិយោគរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ឯ.ក ក្នុងការដាំដុះដំណាំកសិកម្ម ជាពិសេសដំណាំចេកអំបូងលឿង ដើម្បីធ្វើការនាំចេញជាចំបងទៅសាធារណរដ្ឋប្រជាមានិតចិន និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្ថិតនៅភូមិជុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

សូមបញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន គឺជាការបណ្ដាក់ទុនវិនិយោគរួមគ្នារវាងអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក ដែលមានទំហំទឹកប្រាក់ប្រមាណជា ៣២លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ធ្វើការដាំដុះដំណាំចេកអំបូងលឿង លើផ្ទៃដីជាង ១ ០០០ហិកតាដែលជាដំណាក់កាលទី ១នៃផែនការវិនិយោគ។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំកូនចេកបានជាង ៣០០ហត ដោយកូនចេកនីមួយៗត្រូវបានឆ្លងកាត់ការបង្កាត់ពូជចេញពីជាលិកា ការដាំដុះ និងថែទាំប្រកបដោយបច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្របតាមតម្រូវការនៃទីផ្សារនាំចេញ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគម្រោងវិនិយោគកសិដ្ឋានចំការចេកបានស្រូបយកកំលាំងពលកម្មប្រមាណជា ៥០០នាក់ និងត្រូវស្រូបយក ១ ០០០នាក់បន្ថែមទៀតក្នុងដំណាច់ឆ្នាំ ២០១៨នេះ ដើម្បីជួយធ្វើការប្រមូលផល និងកែច្នៃវេចខ្ចប់ផលចេកជាង ៣០ ០០០តោន។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផល
នានាដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលដ៏ខ្លី ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានសាទរចំពោះភាពឆ្លាតវៃរបស់ក្រុមហ៊ុនដែលបានចាប់យកឱកាសធ្វើការវិនិយោគកសិដ្ឋានចំការចេកអំបូងលឿង ចំពេលដែលទីផ្សារចេកនៃប្រទេសចិន ត្រូវបានបើកជូនកម្ពុជាតាមរយៈការចុះពិធីសារស្តីពីលក្ខខ័ណភូតគាមអនាម័យសំរាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិនរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។ សមិទ្ធិផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកសិកម្ម និងប្រែក្លាយវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យឯកជនទៅជាកសិពាណិជ្ជករ រួមជាមួយការជម្រុញធ្វើទំនើបកម្មកសិកម្ម ដើម្បីបង្កើនការទុកចិត្តពីអ្នកបញ្ជាទិញ និងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន និងកម្មករ ដែលឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីរីករាយផងដែរ ដោយសង្គេតឃើញថា ក្រុមហ៊ុនបាននិងកំពុងអនុវត្តស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចជា
ការធ្វើទំនើបកម្មកសិកម្ម ការបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់ធនធានមនុស្សក្នុងស្រុក ដោយផ្តល់ការងារជូននិស្សិតដែលបានបញ្ចប់ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុនក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងផងដែរក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពខ្លួនឲ្យកាន់តែមានភាពទូលំទូលាយ និងរីកចម្រើន។