លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដែលបានមកព្យាបាលដោយឥតគិតថ្លៃ នៅខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងអំណរគុណដល់់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ចំនួន ១៤០នាក់ ដែលបានមកព្យាបាលអ្នកជំងឺឥតគិតថ្លៃប្រមាណជាង ៤.០០០នាក់ កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានពិសារអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងរួមសហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោក កែ រដ្ឋា ក្រុមគ្រូពេទ្យស្ម័គចិត្ត របស់អង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដឹកនាំដោយ លោក ជេក ម៉េងលី ដែលក្រុមគ្រូពេទ្យទាំងអស់បានចំណាយទាំងថវិកា និងពេលវេលាមកព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តស្វាយរៀង ។
លោកជំទាវបានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី បាមរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងរាត្រីនោះផងដែរក៏មានការចូលរួមថវិកាមនុស្សធម៌ពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដោយប្រមូលបានថវិកាបានជាង ១០ម៉ឺនដុល្លារ សម្រាប់បន្តគម្រោងព្យាបាលក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
លោកជំទាវក៏បានសំណូមពរឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត៕