ពិធី​ចុះ​អនុស្សរណៈ​​​នៃ​ការ​យោគ​យល់​ត្រី​ភាគី ដើម្បី​ជំរុញ​ធនធាន​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរ​គមនាគមន៍​កម្ពុជា​


រាជធានី​ភ្នំពេញ៖ ពិធី​ចុះ​​អនុស្សរណៈ​​​នៃ​ការ​យោគ​យល់​គ្នា​ត្រី​ភាគី ដើម្បី​ជំរុញ​ធនធាន​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរ​គមនាគមន៍​កម្ពុជា​ និង​ការ​សម្ពោធ​កម្មវិធី​អភិវឌ្ឍ​និស្សិត​សាកលវិទ្យាល័យ (USDP)ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោលដៅ​អភិវឌ្ឍ​បុគ្គល​ដែល​មាន​ទេព​កោសល្យ និងប៉ិន​ប្រសប់ ដែល​ចង់​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​យុគ​សម័យ​ឌីជីថល។​

ពិធី​ចុះ​អនុស្សរណៈ​​នេះ​ត្រូវ​បាន​​​​ផ្ដល់​កិត្តិយស​ចុះ​ហត្ថលេខា​ដោយ​​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តមបណ្ឌិត សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata​ នា​ព្រឹក​ថ្ងៃអង្គារ ៨​រោច ខែ​ភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​​សណ្ឋាគារ Raffles Hotel Le Royal។

ក្រុម​ហ៊ុន Smart បាន​ប្តេជ្ញា​វិនិយោគ​ទឹក​ប្រាក់​ ១,៥​លាន​ដុល្លារ​ក្នុង​កម្មវិធី​អាហារូបករណ៍ SmartEdu និង​កម្មវិធី (USDP)។ គួរ​បញ្ជាក់ថា ​កម្មវិធី​អាហារូបករណ៍ SmartEdu ​​ផ្ដោត​លើ​សិស្ស​បញ្ចប់​ថ្នាក់​ទី​១២ ដែល​ទទួល​បាន​លទ្ធផល​ល្អ តែ​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ។ កន្លងមក​សិស្ស​​ចំនួន​៣០​នាក់ ដែល​​​ទទួល​បាន​អាហារូបករណ៍​ពី​កម្មវិធី SmartEdu ដោយ​ឡែក​ឆ្នាំ​២០១៨​នេះ កម្មវិធី​នេះនឹង​ផ្ដល់​អាហារូបករណ៍ ដល់​​សិស្ស​​២០​នាក់​បន្ថែម​ទៀត​៕