សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​រំលែក​ទុក្ខ​មនុស្ស​ស្លាប់​ដោយ​សារ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​


ភ្នំពេញ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​ នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ​ខែ​តុលា​ ឆ្នាំ​២០១៨​នេះ ​បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​ជូន​លោក ​ចូកូ​ វីដូដូ ​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី ​ចំពោះ​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី ​និង​រលក​យក្ស​ស៊ូណា​មិក​ នៅ​ក្រុង​ប៉ាលូ ​និង​ដុង​ខាឡា ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា ​កន្លង​ទៅនេះ​ដោយ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជិត​មួយ​ពាន់​នាក់​ និង​របួស​រាប់​រយ​នាក់​ទៀត​។

យោង​តាម​សារ​លិខិត​របស់​សម្តេច​តេជោ ​ហ៊ុន​ សែន ​បាន​ថ្លែង​ថា ​«ខ្ញុំ​មាន​សេចក្តី​រន្ធត់​យ៉ាង​ខ្លាំង​ ដោយបាន​ទទួល​ដំណឹង​អំពី​ការ​បាត់​បង់​ជីវិត​ប្រជាជន​ជា​ច្រើន​ ហើយ​រាប់​រយ​ពាន់​នាក់​ផ្សេង​ទៀត​ ក៏​បាន​បាត់​ខ្លួន​ និង​រង​រួបស​ ក្នុង​គ្រោះ​រញ្ជួយ​ផែន​ដី និ​ង​រលក​យក្ស​ ស៊ូណាមិ ​(Tsunami) ដែល​បាន​បង្ក​ការ​បំផ្លិច​បំផ្លាញ​ដ៏ធំ​នៅ​ទីក្រុង​ប៉ាលូ​ (Palu) កោះ​ស៊ូឡា​វេស៊ី ​(Sulawesi) នាចុង​សប្តាហ៍​នេះ»​។

ដោយ​ឡែក​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​ម្សិល​មិញ​នេះ​ ក៏បាន​ចេញ​សេចក្តី​អំពាវ​នាវ​ដល់​ប្រពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ​ ដោយ​ហាម​ប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ ​ទៅ​កាន់​តំបន់​គ្រោះ​ថ្នាក់​ទាំង​នោះ​ប្រសិនបើ​គ្នាកា​រ​ចាំ​បាច់​អ្វី​ទេ​នោះ​។

សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​កន្ល​ង​ទៅ​ថ្មី​ៗ​នេះមាន​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​ដោយ​សារ​តែ​គ្រោះ​រញ្ជួយ​ដី ​និង​រលក​យក្ស​ស៊ូណាមិ ​នៅ​ខេត្ត​ស៊ូឡាវ៉េ​ស៊ី ​(Sulawesi) ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌូនេស៊ី។​ បើ​តាម​ការ​បញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានាបា​ន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ថ្ងៃ​ទី​១​នេះ​មាន​មនុស្ស​ស្លាប់​កើន​ឡើង​ដល់​៨៣២​នាក់​ និង​រង​របួស​កើន​ឡើង​ដល់​ ៥៤០​នាក់ ​និង​បាត់​ខ្លួន​ជា​ច្រើន​នាក់​ទៀត។​ ក្រោយ​មាន​ការ​រញ្ជួយ​ដីដ៏​រន្ធត់​នេះ ​រដ្ឋាភិបាល​ នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ ក៏​បាន​អំពាវ​នាវ​សុំ​ការ​ជួយ​ពី​អន្តរ​ជាតិ​ និង​ប្រទេស​ជា​មិត្ត​មួយ​ចំនួ​នផ​ង​ដែ​រ​៕​