ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ដ​ជួបសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងសាធារណការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ


ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនិវត្តជន នៃក្រសួង​សាធារណការ និងដឹកជញ្ជូន ប្រមាណ២៧០នាក់​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្ដីសោមនស្សរីករាយជាអនេក ចំពោះវត្តមានមន្ត្រីនិវត្តជនទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យើងមានថ្ងៃនេះ គឺក៏ដោយសារអ្នកជំនាន់មុន ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីទុកជាសមិទ្ធផលបន្តជូនអ្នកជំនាន់ក្រោយ ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្ត អភិវឌ្ឍទ្វេដងតទៅទៀត»

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសមិទ្ធផលដែល សម្រេចបាន និងគម្រោងអភិវឌ្ឍបន្ត ជាពិសេសគម្រោងផែនការ១០០ថ្ងៃ របស់ក្រសួង នៅក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលទើបត្រូវបានប្រសូត្រឡើងនាពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យមន្រ្តីនិវត្តជនទាំងអស់ ចូលរួមផ្ដល់មិតយោបល់លើការ អភិវឌ្ឍទាំងឡាយរបស់ក្រសួង និងបាននាំយកអំណោយវត្ថុអនុស្សាវរីយ៍ និងថវិកាចំនួន១៥ម៉ឺនរៀលចែកជូន មន្ត្រីនិវត្តទាំងអស់ផងដែរ៕​