ជំនួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូយុវជនកម្ពុជា នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP/SIC)


ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការគួរសមពីសំណាក់យុវជនកម្ពុជាចំនួន២៧រូប ដែលនឹងចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ។

យុវជនវ័យក្មេងទាំងនេះ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុង “កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៥” នៅក្នុងប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ។

គោលបំណងនៃកម្មវិធីនេះគឺដើម្បីពង្រឹងទំនាក់ទំនងនិងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសជប៉ុន និងយុវជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ពង្រីកទស្សនវិស័យរបស់ពួកគេចំពោះពិភពលោកនិងលើសពីនេះទៀតដើម្បីពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

គោលបំណងទាំងនេះអាចសម្រេចបានតាមរយៈការចូលរួមជីវភាពប្រចាំថ្ងៃរបស់ពួកគេនៅលើនាវា ការណែនាំអោយស្គាល់គ្នាទៅវិញទៅមកអំពីប្រទេសរបស់ពួកគេ ការចូលរួមការពិភាក្សានិងសកម្មភាពផ្លាស់ប្តូរជាច្រើនទៀតនៅពេលធ្វើដំណើរតាមនាវា និងតាមបណ្តាប្រទេសដែលពួកគេត្រូវទៅទស្សនា។

ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនយុវជនទាំងនេះពីសមិទ្ធផលដែលសម្រេចបាននិងកំណែទម្រង់បន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនសម្រាប់អាណត្តិទី៦នេះនិងបានរំលឹកដល់យុវជនកម្ពុជាទាំងអស់ថាពួកគេគឺជាឯកអគ្គរាជទូតសុច្ឆន្ទៈរបស់កម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យពួកគេរក្សានូវអាកប្បកិរិយាល្អប្រកបដោយភាពវិជ្ជមានរបស់ខ្លួនចំពោះយុវជនដ៏ទៃទៀត ដើម្បីទទួលបានការគោរពស្រឡាញ់ ពីអ្នកទាំងនោះ និងសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងណែនាំយុវជនដទៃទៀតបានស្គាល់នូវវប្បធម៌ កេរ្តិ៍ឈ្មោះ និងបេតិកភណ្ឌរបស់ប្រទេសកម្ពុជាផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្រ្តីបានគួសបញ្ជាក់ថានេះគឺជាឱកាសបង្កើតបណ្តាញទំនាក់ទំនងល្អមួយហើយសង្ឃឹមថាពួកគេនឹងបន្តរក្សានិងបង្កើតទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយយុវជនរួមដំណើរដទៃទៀត ក្នុងស្មារតីជាប្រទេសដែលស្ថិតនៅក្នុងតំបន់តែមួយ។