ក្រសួងបរិស្ថាន បានរៀបចចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការបែងចែកតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង


ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ៍ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២០៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បានរៀបចចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការបែងចែកតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន ដើម្បីកំណត់ និងធ្វើការបែងចែកទិសដៅឱ្យបានច្បាស់លាស់ ក្នុងការលើកកម្ពស់ និងអនុវត្ត ការងារ ក៏ដូចជាគិតគូធ្វើយ៉ាងណាដើម្បីឱ្យសេដ្ឋកិច្ចមូលដ្ឋាន និងការងារលើកម្ពស់វិស័យបរិស្ថាន មានប្រសិទ្ធភាព។

នាឱកាសនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ដែលទទួលដឹកនាំរួមជាយុទ្ធសាស្រ្តលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងពីភារកិច្ច និងរបៀបរបបការងារ របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន សម្រាប់អាណត្តិទី៦នេះ ក្នុងការទទួលខុសត្រូវ ដើម្បីពង្រឹងកិច្ចការ ងារបរិស្ថានទៅតាមផ្នែក ទាំងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សង្គម សេដ្ឋកិច្ច និងវប្បធម៌ ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់ថ្នាក់ដឹកនាំគ្រប់គ្រប់ផ្នែក គិតគូលើបញ្ហាធំៗមួយចំនួន ដែលមានការទទួលខុសត្រូវដោយក្រសួងបរិស្ថាន ធ្វើយ៉ាងឱ្យការអនុវត្តឈានទៅរកទិសដៅរួមមួយ គឺការអនុវត្ត និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយក្នុងនោះក៏ត្រូវធ្វើប្រតិភូកម្ម ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ក្នុងការសម្រេចកិច្ចការចំពោះមុខ។

យ៉ាងណាមិញ ការដឹកនាំការងារជាយុទ្ធសាស្រ្តលើកិច្ចការបរិស្ថានរបស់ក្រសួងបរិស្ថាន និងអង្គភាព ចំណុះជាកិច្ចការសំខាន់ ។ ចំណែកការងារសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងក្រសួង និងដៃគូ អភិវឌ្ឍ រួមទាំងការងារអប់រំផ្សព្វផ្សាយក៏ជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីធ្វើការអភិវឌ្ឍរួមគ្នា ក្នុង កិច្ចគាំពារបរិស្ថាន ការងារអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ធ្វើយ៉ាងណាប្រែក្លាយ និងថែរក្សាការពារ តំបន់ទាំងនេះ ទៅជាតំបន់ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិសំបូរបែប និងក្លាយជាទីពេញ និយម អាចរកចំណូលជួនប្រជាសហគមន៍នៅក្នុងតំបន់នោះបាននៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនា គត៕