ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញការិយាល័យទី៣ដល់នាយទាហានបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៥ សិក្ខាកាមចំនួន ៣៦នាក់មានរយ:ពេលហ្វឹកហ្វឺន ៨៨ថ្ងៃ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥។
អញ្ជើញចូលរួមមាន ឯកឧត្តមអនុប្រធានស្រាវជ្រាវយុទ្ធសាស្រ្តយោធាអគ្គបញ្ជាការ ឯកឧត្តមនាយករង នាយកដ្ឋានផ្គត់ផ្គង់ ក្រសួងការពារជាតិ មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគ។
មេបញ្ជាការកងពលតូចថ្មើរជើងទាំង៣តំបន់ប្រតិបត្តិការសឹករងទាំង៤ កងការពារព្រំដែនទាំង៤ មេបញ្ជាការអង្គភាពចំណុះយោធភូមិភាគ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន សរុបចូលរួម២២៩នាក់នៅសាលប្រជុំធំយោធភូមិភាគទី៥។
មានមតិសំណេះសំណាលក្នុងឱកាសនេះឯកឧត្តម ប៊ុន សេង បានលើកថានេះជាវគ្គ ដំបូងដែលយោធភូមិភាគទី៥ បានបើកវគ្គបំប៉នជំនាញការិយាល័យ
ទី៣នាពេលនេះគឺឯកឧត្តមចង់ឲ្យនាយទាហានវ័យក្មេងដែលធ្លាប់បានសិក្សាតាមសាលានានាមកបង្កើននូវចំណេះដឹងបន្ថែមចូលខ្លួនអនុវត្តជាក់ស្ដែងលើការងារការិយាល័យទី៣ឲ្យមានភាពស្ទាត់ជំនាញត្រឹមត្រូវតាមបែបបទរដ្ឋបាលមួយ ឯកភាពគ្នាលើទម្រង់ ខ្លឹមសារ ពេលវេលាដើឹម្បីងាយស្រួលយកទៅអនុវត្តតាមកងឯកភាពខ្លួនឲ្យមានប្រសិទ្ធភាពការងារខ្ពស់។បំប៉នថែមឲ្យនាយទាហានវ័យក្មេងយល់ពីការងារសេនាធិការ មុខវិជ្ជាឋានលេខា សញ្ញាសម្គាល់យោធា របៀបកសាងផែនការធ្វើរបាយការណ៍និងការងារដឹកនាំបញ្ជា។
សរុបមកវិញជំនាញការិយាល័យទី៣នេះមានភារកិច្ចធ្វើជាសេនាធិការឲ្យមេបញ្ជាការគឺជាមជ្ឈមណ្ឌលព័ត៌មានគ្រប់យ៉ាងសម្រាប់អង្គភាព។
ឯកឧត្តមអធិបតីបានផ្ដាំផ្ញើ ដល់សិក្ខាកាមវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អមានសាមគ្គីឯកភាពគ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា។ ឯកឧត្តមបានឧបត្ថម្ភជូនវគ្គហ្វឹកហ្វឺននេះថវិកា ២.០០០.០០០រៀល។
ជាចុងក្រោយតំណាងកម្មសិក្សាការីបានឡើងធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ
ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ។ប្តេជ្ញាចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦
ដែលដឹកនាំដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា បង្កើនប្រសិទ្ធភាពការងារទ្វេដង៕