ថៃចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគលើវិស័យឧស្សាហកម្ម និង SME នៅកម្ពុជា


ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជា-ថៃ (TCBC) ដឹកនាំដោយលោក Channitr Charnchainarong ជាប្រធាន ក្រុមប្រឹក្សា នៅរសៀលថ្ងៃអង្គារ៍ ០៨ រោជ ខែភទ្របទ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៨ ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងការវិនិយោគ ជាមួយស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។ ដោយឡែកជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ភាគីថៃបានចាប់អារម្មណ៍ទៅលើវិស័យបច្ចេកវិទ្យាអេឡិចត្រូនិក ឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិ-ឧស្សាហកម្ម ទាក់ទងនឹងដំណាំកៅស៊ូ និងកែច្នៃអង្ករនាំចេញ ព្រមទាំងឧស្សាហកម្មយានយន្តជាដើម។ ជាមួយគ្នានេះ ក៏បានពិភាក្សាសុីជម្រៅ ទៅលើការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការបន្ថែម ទាក់ទងនឹងការពង្រឹងវិស័យសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការគិតគូពីសង្វាក់តម្លៃ និងតម្លៃបន្ថែម នៅក្នុងវិស័យសហគ្រាស និងឧស្សាហកម្ម ផងដែរ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងផ្តល់សារៈសំខាន់ទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វាគមន៍រាល់ការវិនិយោគពីភាគីថៃ លើវិស័យសំខាន់ៗខាងលើ ព្រោះជាវិស័យដែលភាគីថៃ មានបទពិសោធន៍ និងលទ្ធភាពខ្ពស់។ ម៉្យាងការប្រើប្រាស់ទីតាំងផលិតនៅកម្ពុជា ជាពិសេស នៅតំបន់សេដ្ឋកិច្ចពិសេស ភាគីថៃនឹងទទួលបានផលប្រយោជន៍ជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅហ្នឹងកន្លែង និងអត្ថប្រយោជន៍ពីការនាំចេញ ដែលទំនិញ និងផលិតផល រាប់ពាន់មុខអាចនាំចេញពីកម្ពុជា ដោយមិនជាប់ពន្ធ និងកូតា ទៅកាន់ទីផ្សារធំៗលើពិភពលោក ។

លោក Channitr Charnchainarong ប្រធានក្រុមប្រឹក្សា TCBC បានសម្តែងការរីករាយចំពោះការមើលឃើញឱកាសកាន់តែប្រសើរនៃទីផ្សារនៅកម្ពុជា និងបាន បង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការកិច្ចសហការ បន្ថែមទៀត ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីអាចឈានទៅចុះអនុស្សារណៈយោគយល់គ្នាណាមួយនាពេលខាងមុខ ក្នុងន័យពង្រឹងនិងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យឧស្សាហកម្ម ជម្រុញការវិនិយោគជាពិសេសពង្រឹងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាកលាំងចលករដ៏សំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ។