រដ្ឋាភិបាលបារាំងនឹងផ្ដល់ជំនួយ ១០៤លានដុល្លារ ដល់ក្រសួងធនធានទឹក


afd-23-09-16-2-copy

     រដ្ឋាភិបាលបារាំងគ្រោងផ្តល់ជំនួយ ១០៤លានដុល្លារអាមេរិក ដើម្បីជួយដំណើរការរៀបចំរបស់ក្រសួងធន ធានទឹកនិងឧតុនិយម។ ប្រាក់ជំនួយ ១០៤លានដុល្លារនេះ គឺជាកម្ចីសម្បទានចំនួន ៩៥លានដុល្លារ និង ៩លានដុល្លារ ទៀតគឺជាជំនួយឥតសំណង។ គម្រោងផ្តល់ប្រាក់នេះ នឹងធ្វើតាមរយៈទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD Agence Francaise de Development ។

     ជំនួបពិភាក្សានៃការផ្តល់ជំនួយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ រវាងរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម លឹម គានហោ និងគណៈប្រតិភូបារាំងដឹកនាំដោយ លោកស្រីFRANCOISE CHARLIER អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាស៊ីនៃទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។

     យោងតាមក្រសួងធនធានទឹក ហិរញ្ញប្បទាន ១០៤លានដុល្លារនេះ សម្រាប់យកទៅអនុវត្តការងារមួយចំនួនក្នុងជំហានទី២ រវាងឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ ក្នុងចំណោមហិរញ្ញប្បទាន ១០៤លានដុល្លារ គឺកម្ចីសម្បទានចំនួន ៩៥លានដុល្លារ សម្រាប់ការធ្វើអនុវត្តភាពធារាសាស្ត្រចំនួន ៦ប្រព័ន្ធ គឺប្រព័ន្ធកង្ហត… ប្រព័ន្ធស្ទឹងស្រែង… ប្រព័ន្ធស្ទឺងជីក្រែង… ប្រព័ន្ធស្ទឹងស្ទោង… ប្រព័ន្ធបវេល-ខ្នាចរមាស និងប្រព័ន្ធត្រពាំងអំបិល។

     ជំនួយនេះ ក៏សម្រាប់ការងារស្តារព្រែកចំនួន ២៧ព្រែក ដែលនៅក្នុងនោះមាន ខេត្តកណ្តាលចំនួន១៦ ព្រែក… ខេត្តព្រៃវែងចំនួន ៥ព្រែក… ខេត្តបាត់ដំបង ចំនួន ៣ព្រែក និង ខេត្តបន្ទាយមានជ័យចំនួន ៣ព្រែក ។ ដោយឡែកប្រាក់ជំនួយឥតសំណងចំនួន ៩លានដុល្លារ គឺសម្រាប់អនុវត្តការងារបន្តប្រមូល និងចងក្រងបញ្ជី សារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា.. ការបន្តរៀបចំស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ.. ការងារពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក.. ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពមន្ត្រីក្រសួងធន ធានទឹកនិងឧតុនិយម  និងសម្រាប់ការងារផ្សេងៗមួយចំនួនទៀត ។

     គួររំលឹកថា ក្នុងជំហានទី១ កន្លងមក (២០១៤-២០១៦) AFD បានផ្តល់នូវកម្ចីសម្បទានចំនួន ២៤លានអឺរ៉ូ និង ១៤លានដុល្លារសហរដ្ឋអាមេរិក ព្រមជាមួយជំនួយឥតសំណងចំនួន ៤លានអឺរ៉ូ ដល់ក្រសួងធនធានទឹក និង ឧតុនិយម សម្រាប់អនុវត្តការស្តារប្រព័ន្ធធារាសាស្ត្រចំនួន ៩កន្លែង និងព្រែកចំនួន ៣៥ព្រែក ៕