អបអរសាទរ! ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០១៨


នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខប្រជាពលរដ្ឋវ័យចាស់ជរា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០១៨ ក្រោមប្រធានបទ “សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ” ដែលរៀបចំឡើងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង។ ក្នុងទិវានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ គណៈអភិបាលក្រុង មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋវ័យចាស់ជរាចំនួន១៥៨នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋដែលមានវ័យចាស់ជរា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋវ័យចាស់ជរាទាំង១៥៨នាក់ ដោយក្នុងម្នាក់ៗទួទួលបាន មី១កេស ស្ករស១គីឡូក្រាម ទឹកដោះគោ២កំប៉ុង អំបិល៤កញ្ចប់ ភួយ១ និងថវិកាចំនួន២០០០០រៀល។