សម្តេចតេជោរំពឹងថា នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរម្នាក់ៗ នឹងទទួលបានចំណូលក្នុងមួយឆ្នាំលើសពី២ពាន់ដុល្លារ


ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្ដីរំពឹងទុកថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរម្នាក់ៗ នឹងទទួលបានប្រាក់ចំណូល ក្នុង១ឆ្នាំ លើសពី២ពាន់ដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏រំពឹងថា ម្ចាស់ប្រទេសផ្តល់កម្ចីទាំងអស់ នឹងមិនដំឡើងអត្រាការប្រាក់នោះឡើយ បើទោះបីសេចក្តីកម្ពុជាកើនខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំរំពឹងថាដាច់នីតិកាលទី៦ មនុស្សម្នាក់ៗ នឹងមានប្រាក់ចំណូល លើសពី២ពាន់ដុល្លារ ដែលឥលូវនេះ មានចំនួន១,៥៥៦ដុល្លារ បើសិនជាកំណើនសេដ្ឋកិច្ច៧ភាគរយក្នុង១ឆ្នាំ។ យើងជឿថា ឆ្នាំ២០២៣ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ លើសពី២ពាន់ ហើយសង្ឃឹមថា ដៃគូរបស់យើងដែលធ្លាប់ឲ្យយើងខ្ចីប្រាក់ នៅបន្ដឲ្យយើងទទួលបាននូវឥណទានសម្បទាន»

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ២០ឆ្នាំនៃសន្ដិភាពបានផ្ដល់ឱកាសឲ្យកម្ពុជា រុញកំណើនសេដ្ឋកិច្ចមិនទាបជាង៧ភាគរយ, កម្ពុជាជាប់ចំណាត់ថ្នាក់ទី១ នៃកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំនេះ បន្ទាប់ទៅវៀតណាមបាន៦,៨ភាគរយ។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា រូបនេះ បានឲ្យដឹងទៀតថា សម្ដេចបានធ្វើការជាមួយជប៉ុន, ចិន, កូរ៉េ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនហើយ។ កម្ពុជាសព្វថ្ងៃនេះ បានចាកផុតពីប្រទេស ដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប គឺត្រូវទទួលខ្ចីលុយគេ ការប្រាក់ពាណិជ្ជកម្ម ហើយសម្ដេចបានធ្វើការនេះ មួយជំហានមុនហើយ កម្ពុជាបន្ដនៅឲ្យទទួលបាននូវឥណទានសម្បទាន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការខ្ចីលុយមិនចេះតែខ្ចីៗនោះ នៅពេលដែលខ្ចី គឺត្រូវគិតទៅដល់សមត្ថភាព សងគេវិញជាមួយមុនសិន ហើយខ្ចីតែលើគម្រោង ដែលទាក់ទងនឹងពន្លឿនកំណើន សេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ ធនាគារពិភពលោក (World Bank) បានចេញផ្សាយរបាយការណ៍សេដ្ឋកិច្ចមួយ ដោយបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៨នេះ នឹងមានកំណើត៧ភាគរយ ខណៈឆ្នាំ២០១៧ មានកំណើត៦.៩ភាគរយ ហើយផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនម្នាក់នៅឆ្នាំ២០១៧ មានចំនួន១,៣៧៣ដុល្លារអាមេរិក៕