កម្ពុជានឹងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីមួយទៀត


ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន Tainjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋានទេសចរណ៍ លំដាប់អន្តរជាតិនៅខេត្តកោះកុង។
តំណាងក្រុមហ៊ុនTainjin Union Development Groupលោកស្រី ប៊ែលឡា ហ្សាង បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ការធ្វើដែលសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាន នាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំ Boing៣៨០ ។ លោកស្រី បន្តថា ក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្ត្រ និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ។
ក្រុមហ៊ុនយក្សឈ្មោះTainjin Union Development Groupនេះ បានទទួលដីសម្បទានវិនិយោគ ពីរដ្ឋាភិបាលកម្ពុជាទំហំ៤៥.០០០ហិកតា ដែលគ្របដណ្ដប់លើទឹកដីស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង និងគ្រោងបោះទុនវិនិយោគជាង៣៨០០លានដុល្លារអាមេរិក។
តាមព័ត៌មានរបស់ក្រុមហ៊ុននេះ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគំរោងរមណីយដ្ឋាន លំដាប់ប្រណីតនៅខេត្តកោះកុង រួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម។ ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនបញ្ជាក់ឲ្យដឹងពីទំហំដីសម្រាប់សង់ព្រលានយន្តហោះនេះ និងទំហំវិនិយោគលើព្រលានយន្តហោះលំដាប់អន្តរជាតិនោះទេ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងថា ទោះជាក្រុមហ៊ុននេះ បានទទួលការយល់ព្រមពីរដ្ឋាភិបាលក៏ដោយ ក៏ក្រុមហ៊ុននេះ នៅរង់ចាំដៃគូរបស់ខ្លួន ដែលស័ក្ដិសម ដើម្បីវិនិយោគព្រលានយន្តហោះនេះផងដែរ។
លោកបណ្ឌិត ម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា កម្ពុជាត្រូវការ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង ឲ្យតែមានការវិនិយោគ គឺវិនិយោគនៅទីណាក៏សំខាន់ ប៉ុន្តែកម្ពុជា ដូចជាមិនត្រូវការព្រលានយន្តហោះធំ នៅតំបន់នេះនោះទេ ប៉ុន្តែអ្វីសំខាន់គឺថា គំរោងនេះមានភាពពិតប្រាកដកម្រិតណា លោកមិនទាន់ដឹងនៅឡើយទេ៕