ឧត្តមសេនីយ៍ឯក ស្រី ឌឹក និងទាហានទាំងអស់ នៅកងពលធំអន្ដរាគមន៍លេខ៣ ប្រកាសគាំទ្រជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ​ និងសន្តិភាព​


(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ផ្កាយបី ស្រី ឌឹក និងនាយទាហាន នាយទាហានរង ​ពលទាហានចំណុះ​កងពលធំអន្តរាគមន៍លេខ៣ទាំងមូល សូមធ្វើការគាំទ្រទាំងស្រុង​នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលបានថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយសមាគមន៍និស្សិត និងកម្មសិក្សាការីកម្ពុជា នៅប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ អំពីការមិនដោះដូរអធិបតេយ្យភាពជាតិ សន្តិភាព ជាមួយជំនួយបរទេស។

យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាអនុវត្ត នូវរាល់អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធិភាពខ្ពស់​បំផុត ហើយយើងខ្ញុំទាំងអស់គ្នា ក៏សូមធ្វើការប្រកាសប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកណាមួយពីសំណាក់បរទេស មកលើកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលការជ្រៀតជ្រែកនេះ គឺផ្ទុយទាំងស្រុងទៅនិងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាទោះជា ត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ក៏ត្រូវការពារឲ្យបានដាច់ខាតនូវឯកភាពជាតិ សន្តិភាព អធិបតេយ្យភាព បូរណះភាពទឹកដី និងផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល៕