រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីច្បាប់អាស៊ាន លើកទី១០ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ


(វៀងច័ន្ទ-ឡាវ)៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីច្បាប់អាស៊ាន លើកទី១០ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ការដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងកិច្ចប្រជុំនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Saysy Santivong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសឡាវ និងជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំ ថ្នាក់ឧត្តមមន្រ្តីច្បាប់អាស៊ានលើកទី១៨ The 18th ASEAN Officials Meeting(ASLOM) និងថ្នាក់រដ្ឋមន្រ្តីច្បាប់អាស៊ាន លើកទី១០ The 10th ASEAN Law Ministers Meeting (ALAWMM)។

កិច្ចប្រជុំនេះ គឺជាវេទិកាពិភាក្សា លើកិច្ចសហប្រតិបត្តិការវិស័យច្បាប់អាស៊ាន របស់រដ្ឋមន្រ្តីច្បាប់អាស៊ាន ទាំង១០ ដើម្បីពិនិត្យ និងអនុម័តលើលទ្ធផលនៃកិច្ចប្រជុំថ្នាក់ ឧត្តមមន្រ្តីច្បាប់អាស៊ានលើកទី១៧ នៅ ប្រទេសម៉ាឡេស៊ី នាឆ្នាំ២០១៧ និងទី១៨ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអង្គ វង្ស វឌ្ឍានា បានថ្លែងសុន្ទរកថា ស្តីពី «ការផ្លាស់ប្តូរទស្សនៈទាន និងការបង្កើនទំនាក់ទំនងអំពីភាពរឹងមាំ និង ទំនើបកម្ម ក្របខ័ណ្ឌច្បាប់ ក្នុងសហគមន៍អាស៊ានតែមួយ» ដោយបានសង្កត់ធ្ងន់ថា បណ្តាស្ថាប័ន អាស៊ានទាំងអស់ ជាពិសេសរដ្ឋមន្រ្តីច្បាប់អាស៊ាន ត្រូវធ្វើការរួមគ្នា និងសហការគ្នាឲ្យបានជិតស្និទ្ធ ជាមួយស្ថាប័ននៃវិស័យ ពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវសមាហរណកម្មច្បាប់អាស៊ានមួយ។

ជាលទ្ធផលកិច្ចប្រជុំ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដែលរដ្ឋមន្រ្តីច្បាប់អាស៊ានទាំងអស់ បានឯកភាពដាក់ឲ្យអនុវត្តនូវគម្រូសន្ធិសញ្ញាបត្យាប័ន ការពង្រឹងការអនុវត្តសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ ការសិក្សារៀបចំសន្ធិសញ្ញា ស្តីពី ការផ្ទេរទណ្ឌិតសម្រាប់អាស៊ាន ការសិក្សាលើយន្តការនៃការបង្កាបទល្មើស និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងការពង្រឹងការផ្លាស់ប្តូរ ព័ត៌មានច្បាប់ និងយុត្តិធម៌ ក៏ដូចជា បង្កើនកិច្ចសហការ ជាមួយស្ថាប័នផ្សេងៗទៀតក្នុងតំបន់។

ឆ្លៀតក្នុងឱកាស នៃការចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ក៏បានទទួលជួបទ្វេរភាគី ដាច់ដោយទ្បែកជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម និងជាមួយអគ្គរដ្ឋអាជ្ញារង នៃសាធារណរដ្ឋសឹង្ហបុរី ដើម្បី ពិភាក្សា និងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យច្បាប់ និងយុត្តិធម៌ ឲ្យកាន់តែប្រសើរថែមទៀត។ តាមរយៈជំនួបជាមួយភាគីវៀតណាម ភាគីទាំងពីរ បានឯកភាពនឹងរៀបចំសន្និសីទច្បាប់លើកទី២ នៃបណ្តាខេត្ត ជាប់ព្រំដែន នាចុងឆ្នាំ២០១៩ខាងមុខ ដែលកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ។

ដោយទ្បែក នៅក្នុងជំនួបជាមួយភាគីសឹង្ហបុរី បានស្នើសុំការគាំទ្រពីភាគីកម្ពុជា ឲ្យចូលរួមក្នុងអនុសញ្ញា UNCITRAL ស្តីពី កិច្ចព្រមព្រៀងដំណោះស្រាយអន្តរជាតិ ដែលកើតចេញពីសន្ធានកម្ម (UNCITRAL Convention on International Settlement Agreements resulting from Mediation) ហើយជាការឆ្លើយតបភាគីកម្ពុជា នឹងធ្វើការពិចារណលើសំណើនេះ ហើយបានស្នើសុំការគាំទ្របន្ថែម ផ្នែកបច្ចេកទេសពីភាគីសឹង្ហបុរី៕