រដ្ឋមន្រ្ដី ខៀវ កាញារីទ្ធ៖ កម្ពុជានឹងមិនយកពន្ធរយៈពេល២-៣ឆ្នាំ ចំពោះក្រុមហ៊ុនបរទេសមកវិនិយោគនៅកម្ពុជា ដែលពង្រីកអាជីវកម្មដោយប្រើកម្លាំងក្នុងស្រុក


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា បច្ចុប្បន្នកម្ពុជា កំពុងបើកសេរីឲ្យបណ្ដាប្រទេសផ្សេងៗ ចូលមកវិនិយោគហើយអ្វីដែលកាន់តែងាយស្រួលទៀតនោះ កម្ពុជាមានច្បាប់ពាណិជ្ជកម្មដ៏ទូលាយមួយ គឺគ្រប់ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មរបស់ខ្លួនបាន ដោយមិនចាំបាច់មានការចូលហ៊ុនពីអ្នកវិនិយោគក្នុងស្រុកឡើយ។

ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា «ថ្មីៗនេះកម្ពុជាទើបតែបានរៀបចំច្បាប់បន្ថែមទៀត ដល់ក្រុមហ៊ុនបរទេសដែលចូលមកកម្ពុជា ប្រសិនបើក្រុមហ៊ុនបរទេសទាំងអស់ យកប្រាក់ចំណេញដែលទទួលបានទៅបង្វិលសម្រាប់ពង្រីកអាជីវកម្ម ប្រាក់ចំណេញនោះនឹងមិនត្រូវបានយកពន្ធឡើយ។ មួយវិញទៀតបើការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ប្រើប្រាស់កម្លាំងក្នុងស្រុក កម្ពុជាក៏មិនយកពន្ធពី ២-៣ឆ្នាំថែមទៀតផង»

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដី ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងសន្និសីទអន្ដរជាតិស្ដីពី «ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយតាមសហគមន៍» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់បណ្ដាក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងពិធីនាព្រឹកមិញនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានឲ្យដឹងថា នយោបាយទាំងនេះជាការរួមចំណែករបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុនបរទេស ដែលមានបទពិសោធន៍ច្រើនឆ្នាំ មានទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងអាចបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ក្រុមហ៊ុនផងដែរ។

សូមបញ្ជាក់ថា ជាមួយការបើកទីផ្សារសេរីរបស់កម្ពុជានេះ មានបណ្ដាក្រុមហ៊ុនមកពីប្រទេសផ្សេងៗ ចូលមកវិនិយោគជាហូរហែរ ហើយប្រទេសដែលមកវិនិយោគច្រើនជាងគេនោះគឺប្រទេសចិន។ ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន CM Community Media បានចូលមកវិនិយោគនៅកម្ពុជា ជាមួយក្ដីសង្ឃឹមយ៉ាងមុះមុតថា នឹងទទួលបានជោគជ័យ។

បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យប្រតិបត្តិការនៅកម្ពុជានេះ ក្រុមហ៊ុន CM Community Media បានរៀបចំសន្និសីទអន្ដរជាតិមួយដោយមានការអញ្ជើញអ្នកចូលរួម ពីបណ្ដាប្រទេសជាច្រើនរួមមានចិន, សហរដ្ឋអាមេរិក, អាស៊ី, អឺរ៉ុប និងអាមេរិក សន្និសីទនេះធ្វើឡើង ដើម្បីឲ្យបណ្ដាប្រទេសជាច្រើនស្គាល់ក្រុមហ៊ុននេះកាន់តែច្បាស់។

ឯកឧត្តមរដ្ឋមន្រ្ដីបានឲ្យដឹងថា CM Community Media ជាក្រុមហ៊ុនទទួលបម្រើសេវាកម្មច្រើនយ៉ាង ដោយប្រើប្រាស់ប្រព័ន្ធ Block Chain ក្នុងនោះក៏មានប្រព័ន្ធការពារផ្សេងៗទៀតរួមមាន ការការពារទិន្ន័យកុំឲ្យគេលួចបាន, បង្កើតកន្លែងផ្ទុកទិន្ន័យជាដើម។

ក្នុងនោះឯកឧត្តមរដ្ឋមន្រ្ដីបាន សម្ដែងការអបអរសារទរ និងជូនពរឲ្យក្រុមហ៊ុន CM Community Media បន្ដដំណើរវិនិយោគ នៅក្នុងប្រទេសកម្ពុជានេះ ទទួលបានជោជ័យ៕