លោក អ៊ី ឈាន​ ​ផ្តល់​អំណោយផ្លូវលំក្រាលក្រួសក្រហម ដល់​ប្រជាពលរដ្ឋរស់នៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ


ប៉ៃលិន៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅក្នុងឱកាសដែល លោក ហុក សុផល អភិបាលរងខេត្ត និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាធ្វើផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ៤០០០ម៉ែត្រ ដែលនឹងត្រូវបញ្ចប់គម្រោងនៅដំណាច់ខែតុលានេះ ប្រជាពលរដ្ឋរស់នៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានសំដែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក អ៊ី ឈាន និងលោកស្រី​ បាន ស្រីមុំ ដែលបានគិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវលំក្នុងភូមិ ១ខ្សែនេះដែរ លោក ហុក សុផល បានមានប្រសាសន៍លើកឡើងថា ផ្លូវលំមួយខ្សែនេះ គឺជាសមិទ្ធផលថ្មី១ទៀត ដែលកើតចេញពីការគិតគូរខ្ពស់ ពីសំណាក់​ឧត្តមសេនីយ៍ អ៊ី ឈាន និងលោកស្រី​ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ភូមិអូរខ្ទីង ក្នុងការធ្វើចរាចរណ៍ទៅមក និងមានជីវភាពល្អប្រសើឡើង ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានាជូនដល់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ ក្នុងឱកាសនោះ លោក ហុក សុផល ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមជម្រាបផងដែរថា​ ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ដែលនឹងបញ្ចប់គម្រោងស្ថាបនានៅដំណាច់ខែតុលានេះ គឺមានប្រវែង ៤០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយស្ពានបាឡេ ចំនួន ២កន្លែង ដាក់ លូអង្កត់ផ្ចិត ១ម៉ែត្រ ៦កន្លែង និងលូអង្កត់ផ្ចិត ០.៨ម៉ែត្រ ចំនួន ២កន្លែង ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌល៕