នៅសាលាខេត្តសៀមរាប នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨នេះ មានរៀបចំបើកវគ្គបណ្តុះបណ្តាលបឋម ជូន ដល់មន្ត្រីរាជការស៊ីវិលនៃក្រសួងមហាផ្ទៃដែលប្រឡងជាប់ក្នុងឆ្នាំ២០១៧ បានកំពុងបម្រើការងារនៅតាមអង្គភាពក្នុង ខេត្តសៀមរាប , កំពត ,កែប , ឧត្តរមានជ័យ , ព្រះវិហារ និង ខេត្តកោះកុង ។
វគ្គបណ្តុះបណ្តាលនេះរបៀបចំឡើងដោយនាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រួមសហការជាមួយសាលាខេត្តសៀមរាបក្រោមអធិបតីភាពរបស់លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមសរុប ៤៨នាក់ ស្រី១៤នាក់ ។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនោះលោកស្រី យូ សុភា បានលើកឡើងពីការអនុវត្តកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺ ជាដំណើរការកំណែទម្រង់ដែលមានចរឹតលក្ខណៈជានយោបាយផង និងរដ្ឋបាលផង ។ លើផ្នែកនយោបាយ កំណែទម្រង់នេះបានរៀបចំឲ្យមានរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ជានីតិបុគ្គលដែលមានតំណាងជាក្រុមប្រឹក្សាកើតឡើងពីការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់ ។ លើផ្នែករដ្ឋបាល កំណែទម្រង់នេះបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់ គ្រងរដ្ឋបាលនៅតាមថ្នាក់នីមួយៗនៅថ្នាក់ក្រោមជាតិ ព្រមទាំងបានរៀបចំឲ្យរដ្ឋបាលនីមួយៗមានបុគ្គលិក មុខងារ និងហិរញ្ញវត្ថុផ្ទាល់ខ្លួន ។ ក្រុមប្រឹក្សានីមួយៗត្រូវបានផ្តល់ឱ្យនូវសិទ្ធិអំណាច មុខងារ និងធនធាន ដើម្បីគ្រប់គ្រង និងចាត់ ចែងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបម្រើសេចក្តីត្រូវការ និងការអភិវឌ្ឍមូលដ្ឋានដែលមានលក្ខណៈកាន់តែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានឱ្យកាន់តែឆាប់រហ័ស ។
លោកស្រី យូ សុភា បានលើកផងដែរ ពីលទ្ធផល វឌ្ឍនភាពនៃដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការអនុវត្តគោលនយោ បាយកំណែទម្រង់វិមជ្ឈ ការ និងវិសហមជ្ឈការ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បាននឹងកំពុងស្ថិតនៅលើចរន្តវិជ្ជមានមួយ ដែលបានបង្កលទ្ធភាពឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមួយ ដែលមានការរៀបចំប្រព័ន្ធកសាងផែនការច្បាស់លាស់ មានស្វ័យភាពហិរញ្ញវត្ថុតាមរយៈការធ្វើវិមជ្ឈការហិរញ្ញវត្ថុ មានប្រព័ន្ធអនុវត្តគម្រោងអភិវឌ្ឍនៅមូលដ្ឋាន មានប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងមានលទ្ធភាពក្នុងការផ្តល់សេវាផ្សេងៗតាមរយៈការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ គឺជាកត្តាយ៉ាងសំខាន់ក្នុងការធានាបានថាការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
លោកស្រីក៏លើនូវមុខវិជ្ជាសំខាន់ៗ ដែលជាប្រធានបទ ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗឲ្យយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់មន្រ្តីរាជការ រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ក៏ដូចការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាពរបស់ក្មួយៗ ហេតុនេះ ប្រធានបទទាំងនេះ ជាប្រធានបទដែលទាក់ទងផ្ទាល់ទៅនឹងការបំពេញការងារប្រចាំថ្ងៃរបស់ក្មួយៗ និងជាប្រធានបទចាំបាច់ដែលក្មួយៗទាំងអស់ត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ ក្នុងគោលបំណងយល់ឲ្យច្បាស់លាស់អំពីការទទួលខុសត្រូវ និងតួនាទី ភារកិច្ចរបស់យើង ដើម្បីជាមូលដ្ឋានជំរុញឱ្យការបំពេញការងារនៅតាមអង្គភាពរបស់ក្មួយៗមានភាពកាន់តែងាយស្រួល និងកាន់តែមានប្រសិទ្ធភាព សំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែប្រសើរ ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន និងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើង។
លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ទៅលើ ការសិក្សា ព្រមទាំងមានសង្ឃឹមយ៉ាងប្រាកដថា វគ្គបណ្តុះបណ្តាលនេះ ពិតជានឹងផ្តល់ដល់ក្មួយៗនូវចំណេះដឹង ជាមូលដ្ឋាន សម្រាប់ការចាប់ផ្តើមអាជីពជាមន្រ្តីរាជការនៅតាមរដ្ឋបាលសាមីរបស់ក្មួយៗ ដែលនៅក្នុងអាជីពនេះ សូមក្មួយៗមានកាតព្វកិច្ចត្រូវខិតខំបម្រើសេចក្តីត្រូវការ ក៏ដូចសំណូមពររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និង មានលក្ខណៈឆ្លើយតប ដើម្បីធានាឱ្យការបម្រើការងារនៅតាមអង្គភាពរបស់ក្មួយៗទទួលបានលទ្ធផលល្អប្រសើរ និងជោគ ជ័យបន្ទាប់ពីទទួលវគ្គបណ្តុះបណ្តាល នេះ ៕