សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា


ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦–សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវឱ្យប្រជាពលរដ្ឋដែល គ្រប់អាយុ១៨ឆ្នាំឡើងទៅត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបាន គ្រប់ៗគ្នាទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវអញ្ជើញកាន់បិណ្ឌទី៨ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ចំពោះអ្នកគ្រប់អាយុបោះឆ្នោតតែមិនទាន់ មានអត្តសញ្ញាណប័ណ្ណ សូមទៅទំនាក់ទំនងជាមួយអាជ្ញាធរឃុំ/សង្កាត់ ដើម្បីបំពេញបែប បទឯកសារចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា។
សម្តេចបានលើកឡើងថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីតាមបែបសាសនា ដែលមានតាំងពី ដូនតាមម ដែលពិធីបុណ្យនេះធ្វើឡើង ដើម្បីរម្លឹកដល់បុព្វការីជន ប្រជាជន យុទ្ធជន យុទ្ធនារី ដែលបានបាត់ បង់ជីវិត និងពលីក្នុងសង្គ្រាម ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ និងប្រជា ជនឱ្យរួចផុតពីរបបប្រល័យ ពូជសាសន៍ប៉ុលពត។
សម្តេចបានបញ្ជាក់ថា សម្ដេចនិងក្រុមគ្រួសារជា រៀងរាល់ឆ្នាំតែងមកធ្វើបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌទៅតាម ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរមិនដែលខានឡើយ ដើម្បីរម្លឹកដល់បុព្វការីជន មាតាបិតា ញាតិទាំងប្រាំពីរ សន្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខឱ្យបានទៅកាន់សុខតិភព និងបួងសួងសុំសេចក្តីសុខ រីកចម្រើន ឱ្យបានកើតដល់កូនចៅ ដល់ប្រទេសជាតិតរៀងរហូត។
សម្តេចក៏បានរម្លឹកផងដែរថា កាលពីរបបប្រល័យពូជសាសន៍ប៉ុលពត ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាបាន ជ្រាបហើយ គេមិនឱ្យមានព្រះពុទ្ធសាសនា គេមិនឱ្យមានព្រះសង្ឃ គេមិនឱ្យមានវត្តអារាម ដើម្បីធ្វើបុណ្យ ទានទេ ហើយប្រជាជនម្នាក់ៗមិនដែលមានសម្លៀកបំពាក់ល្អ ស្អាតបាតដូចសព្វថ្ងៃ មិនដែលមានពេលទំនេរ ធ្វើបុណ្យទាន មានតែការឈឺចាប់គ្រប់ពេលវេលា។
សម្តេចបានបន្ដថា ប្រទេសជាតិបានរីកចម្រើនសព្វបែបយ៉ាងដូចសព្វថ្ងៃនេះ ដោយសាររណសិរ្យ២ធ្នូ និង ថ្ងៃ៧មករា ទើបយើងបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ហើយមានសិទ្ធិសេរីភាពពេញបរិបូណ៌ មានព្រះសង្ឃ មានវត្តអារាមធ្វើបុណ្យគោរពប្រតិបត្តិជារៀងរាល់ឆ្នាំរហូតមក។ ជាមួយគ្នានេះ សម្ដេចពញាចក្រី បានរម្លឹកដល់ប្រជាជនកម្ពុជាទាំងអស់ សូមកុំឱ្យភ្លេចខ្លួន ហើយត្រូវចេះថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ ដើម្បីកុំឱ្យបាត់បង់ធ្លាក់ខ្លួនដូចរបបប្រល័យពូជ សាសន៍ តទៅទៀត។
ក្នុងឱកាសកាន់បិណ្ឌនោះដែរសម្តេច ហេង សំរិន និងលោកជំទាវ ក៏បាននាំយកបច្ច័យ និងទ័យវត្ថុមួយចំនួន រួមជាមួយថវិកាចំនួន ៥លានរៀលប្រគេនព្រះសង្ឃ និងជូនតាជី យាយជី ១០០នាក់ ក្នុងម្នាក់ក្រណាត់សមួយដុំ និងថវិកា១ម៉ឺនរៀល៕

735