សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន លើកទី១២ និងប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូកលើកទី៥ នៅប្រទេសសិង្ហបុរី


សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន លើកទី១២ និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូកលើកទី៥ នៅសាធារណរដ្ឋសិង្ហបុរី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០​ ខែតុលា។

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូកលើកទី៥នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមធ្វើបទអន្ដរាគមន៍ ស្ដីពីការប្រឆាំងការគំរាមកំហែងដោយអំពើភេរវកម្ម និងវិធានការកសាងទំនុកចិត្តជាក់ស្ដែង។

បន្ថែមពីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន+១ ចំនួន០៣ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ​រដ្ឋមន្ដ្រីការពារជាតិអាស៊ាន លើកទី១២ និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូកលើកទី៥នេះផងដែរ៕​