រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលសវនាការជាមួយលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា និង ឯកឧត្តម Patrick Simiyu Wanoto ឯកអគ្គរដ្ឋទូតកេនយ៉ា


ថ្ងៃពុធ ៨ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលសវនាការជាមួយលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា និង ឯកឧត្តម Patrick Simiyu Wanoto ឯកអគ្គរដ្ឋទូតកេនយ៉ា នៅទីស្តីការក្រសួងបរិស្ថាន
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតទាំងពីរ មានបំណងស្វែងយល់ពីបទពិសោធន៍នៃការងារដឹកនាំនិងគ្រប់គ្រងលើការដ្ឋានកំណែទម្រង់វិស័យបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដែលសម្រេចបានក្នុងអាណត្តិកន្លងមក និងទិសដៅការងារអាទិភាពសម្រាប់អនុវត្តនូវអាណត្តិទី៦ និងបានជម្រាបជូនអំពីគោលបំណងសារៈសំខាន់ និងសូមគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមជាភ្ញៀវកិត្តយសក្នុង«សន្និសីទសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍដោយចីរភាពសម្រាប់របៀបវារៈ ២០៣០» លើកទី១ (Bule Economy and the 2030 Agenda for Sustainable Development) ដែលផ្តួចផ្តើមឡើង ដោយប្រទេសកេនយ៉ា និង កាណាដា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Nairobi ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គការតំបន់ អង្គការអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន ថ្នាក់ដឹកនាំសហគមន៍ ស្ត្រី យុវជន និងជនជាតិភាគតិច ប្រមាណ ៦០០០ នាក់ មកពីជុំវិញពិភាពលោក ដើម្បីពិភាក្សាអំពីសរសរស្តម្ភនៃសេដ្ឋកិច្ចបៃតង វិធីសាស្ត្រនៃការអភិរក្ស ជម្រើសផ្នែកបច្ចេកវិទ្យានិងគំនិតផ្តួចផ្តើមថ្មី ជម្រើសនៃការស្វែងរកប្រភពហិរញ្ញវត្ថុ ការវិនិយោគ ភាពជាដៃគូ និងការពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រាងផ្សេងៗ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងជម្រាបជូនអគ្គរដ្ឋទូតទាំងពីរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រជាជនកម្ពុជារស់នៅសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ សិទ្ធិសេរីភាព សុខុដុមនីយកម្ម និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ក្នុងអាណត្តិកន្លងទៅក្រសួងបរិស្ថានសម្រេចបាននូវការធ្វើទំនើបកម្មស្ថាប័ន ដូចជាបានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារស្របតាមការវិវត្ត នៃបរិបទសង្គមកម្ពុជា និងពិភពលោក ជាពិសេសការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន ការពង្រឹងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការដោះស្រាយជម្លោះដីធ្លី ដីសប្បទានសេដ្ឋកិច្ច ការកាប់បំផ្លាញព្រៃឈើ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ ដើម្បីប្រសិទ្ធភាពការងារទាំងកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ និងការងារជំនាញបច្ចេកទេស។
នៅក្នុងអាណ្តិថ្មីនេះ ក្រសួងបរិស្ថានបានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ តាមរយៈការដាក់ឱ្យអនុវត្តនូវអភិក្រមនៃ «រដ្ឋបាលទំនើប» ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំការកសាងប្រព័ន្ធរដ្ឋបាលទំនើបលើកម្ពស់គុណតម្លៃមន្ត្រីរាជការ ស្រឡាញ់ខ្លួនឯង មានមោទនភាពជាតិ សុច្ចរឹតភាព សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ចាប់ពីកម្រិតថ្នាក់ដឹកនាំរហូតដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យពលរដ្ឋមានសមត្ថភាព និងបរិស្ថានរស់នៅល្អប្រសើរ ព្រមទាំងលើករក្សាបាននូវគុណភាព​ និរន្តភាពបរិស្ថាន និងកេរ្តិ៍ដំណែលធនធានធម្មជាតិរបស់កម្ពុជា ត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពដឹកនាំគណប្រតិភូក្រសួងបរិស្ថានចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ ដើម្បីចែករម្លែកមេរៀនដកពិសោធន៍របស់កម្ពុជា ដែលបានសម្រេចបានក្នុងអាណត្តិកន្លងមក និងចូលរួមផ្តល់អនុសាសន៍នានា​ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចបៃតង និងការលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពទាំងក្នុងដែនគោក ដែនទឹក និងតំបន់សមុទ្រ។