ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់


និស្សិតកម្ពុជាទទួលបានជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានទទួលការយកចិត្តទុកដាក់ ជួបសំណេះសំណាលពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញនូវក្ដីរីករាយ និងអបអរសាទរចំំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ នាពេលនេះ ដោយឯកឧត្តមបានចាត់ទុកថា នេះជាឱកាសជោគជ័យមួយ សម្រាប់និស្សិតទាំងអស់ ដែលមានសមត្ថភាពអាចទៅបន្តការសិក្សានៅបរទេស ដើម្បីបង្កើនចំណេះដឹង ហើយក៏ចាត់ទុកថានេះជាជោគជ័យមួយ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ គឺការបង្កើនធនធានមនុស្ស។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំ និងជំរុញដល់និស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការសិក្សា ដើម្បីទទួលបានចំណេះដឹងប្រកបដោយគុណភាព ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងធ្វើយ៉ាងណាកុំធ្វេសប្រហែស មុននឹងធ្វើអ្វីមួយត្រូវគិតគូរឱ្យបានម៉ត់ចត់ វែងឆ្ងាយ និងកុំបណ្ដែតបណ្ដោយខ្លួនឱ្យចូលទៅក្នុងការប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ ដែលអាចប៉ះពាល់ដល់ការសិក្សា និងអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា ទាំងអស់គ្នាមានភ័ព្វសំណាងណាស់ដែលបានកើតមកជាពលរដ្ឋខ្មែរ រស់នៅក្នុងដំណាក់កាលដែលប្រទេសជាតិមានសុខសន្ដិភាព ស្ថិរភាពនយោបាយល្អប្រសើរ និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខុសពីអតីតកាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ដែលប្រទេសជាតិធ្លាប់បានជួបប្រទះនូវសង្គ្រាមរ៉ាំរ៉ៃ គ្មានសុខសន្ដិភាព ប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។ ដូច្នេះក្នុងនាមជាពលរដ្ឋខ្មែរ ជាយុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ គប្បីត្រូវរួមគ្នាខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការកសាងសមត្ថភាពខ្លួនយ៉ាងពេញលេញតាមរយៈការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទទួលបានចំណេះដឹងថ្មីៗ សម្រាប់យកមកអភិវឌ្ឍខ្លួនឯង គ្រួសារ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសម្រេចបាននូវផ្លែផ្កានៃប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យធនធានមនុស្ស និងវិស័យផ្សេងៗទៀត៕