ក្រសួងរៀបចំដែនដីដាក់ចេញវិធានការណ៍មួយទៀតសម្រាប់ខេត្តព្រះសីហនុ


ភ្នំពេញ : ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានដាក់ចេញនូវការណែនាំថ្មីមួយទៀត ដោយឲ្យអាជ្ញាធរខេត្តព្រះសីហនុបញ្ឈប់ការអនុញ្ញាតឲ្យសាង់បណ្តើរ រត់ច្បាប់បណ្តើរ។
អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនូវខ្លឹមសារសេចក្តីណែនាំកាលពីថ្ងៃទី១៦ តុលាកន្លងមកថា កន្លងមកខេត្តបានអនុញ្ញាតឲ្យមានការសាងសង់បណ្តើរ រត់ច្បាប់បណ្តើរ ដើម្បីឆ្លើយតបនឹងសភាពការអភិវឌ្ឍគំហុកនៅខេត្តព្រះសីហនុ។ ការឲ្យសាងសង់បែបនេះ ក៏មានមន្ត្រីជំនាញបានចុះពិនិត្យជាក់ស្តែងនៅទីតាំង និងលក្ខណៈបច្ចេកទេសនៃសំណង់នោះដែរ។ លោកបន្តថា ដោយមានលិខិតណែនាំពីក្រសួងជំនាញបែបនេះ ទើបរដ្ឋបាលខេត្ដ អញ្ជើញអាជ្ញាធរដែនដី មន្ត្រីជំនាញ ម្ចាស់សំណង់ និងអ្នកម៉ៅការសំណង់ ជួបជុំគ្នាដើម្បីពន្យល់សាធារណៈជន ជាពិសេសម្ចាស់គម្រោងសាងសង់សំណង់ទាំងឡាយ នៅខេត្តព្រះសីហនុ ឲ្យបានយល់ពីលក្ខណៈបច្ចេកទេសនៃសំណង់ និងច្បាប់អនុញ្ញាតឲ្យសាងសង់សំណង់ តាមបទដ្ឋានបញ្ញាត្ដិច្បាប់ឲ្យបានត្រឹមត្រូវតបតាមការណែនាំរបស់ក្រសួងដែនដី។

លោកបន្តថា “ចំពោះសំណង់មានទំហំត្រឹម៣០០០ម៉ែត្រការ៉េ ចុះក្រោមជាសមត្ថកិច្ចរបស់ខេត្ត ហេតុនេះខេត្តនឹងពិនិត្យជម្រុញការរត់ច្បាប់ឲ្យបានលឿនបំផុត តែចំពោះសំណង់ណា ដែលជាសមត្ថកិច្ចរបស់ក្រសួង ឯកឧត្តម នឹងជួយជម្រុញឲ្យបានលឿនផងដែរ”។
អនុប្រធានមន្ទីររៀបចំដែនដីន គរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុលោកជិន សេងបានមានប្រសាសន៍ថា តាមបទដ្ឋានបច្ចេកទេសនៃសំណង់ អ្នកសាងសង់ត្រូវតែគោរពតាមលក្ខខណ្ឌចាំបាច់ ៥ចំណុច ដូចជា

ទី១ ធ្វើរបងព័ទ្ធការដ្ឋានសំណង់កំពស់យ៉ាងតិច២ម៉ែត្រ ពីនិវោ0នៃគម្រោង ដែលក្នុងនោះ ត្រូវរៀបជើងរបងអំពីថ្មកម្ពស់យ៉ាងតិច៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដីសំណល់រឹងនិងរាវហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ឆ្នេរសមុទ្រ សមុទ្រ ព្រែក អូរ បឹង និងទីតាំងសាធារណៈក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យសោភ័ណភាព និងបរិស្ថានសាធារណៈ។

ទី២ ត្រូវរក្សាទុកចិញ្ចើមផ្លូវឱ្យបានទូលាយយ៉ាងតិចស្មើនឹង ២ភាគ ៣ នៃប្រវែងទទឹងចិញ្ចឹមផ្លូវសម្រាប់ឲ្យអ្នកថ្មើរជើងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ទី៣ រៀបចំទុកដាក់សម្ភារៈសំណង់គ្រឿងចក្រ ឧបករណ៍សាងសង់ ការិយាល័យការងារ រោងជាង កន្លែងស្នាក់នៅរបស់កម្មករក្នុងបរិវេណរបងហ៊ុព័ទ្ធការដ្ឋានសាងសង់។

ទី៤ មុនសាងសង់ ត្រូវធ្វើបង្គន់អនាម័យ និងអាងចំរោះត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ។ និងទី៥.រក្សាសុវត្ថិភាព បរិស្ថាន អនាម័យ និងគោរពអ្នកជិតខាង ដើម្បីឲ្យមានសុខដុមរម្យនា។
លោកជិន សេងបានបន្ដដោយព្រមានថា ប្រសិនបើការដ្ឋានសំណង់ណា មិនបានបំពេញគ្រប់តាមលក្ខខណ្ឌនេះទេ នឹងធ្វើកាផ្អាកសំណង់នោះជាបណ្តោះអាសន្ន។ ការផ្អាកលើកទី១ មិនស្តាប់ នឹងចេញផ្អាកលើកទី២ បើនៅតែមិនចូលរួមនឹងបិទការដ្ឋានបណ្តោះអាសន្ននិងបន្ទាប់មកកសាងសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់៕