កម្ពុជា-ថៃ​ ឯកភាពគ្នាដាក់ចេញផែនការរួមគ្នាចំនួន៦​ ដើម្បីលើកកំពស់ វិស័យទេសចរណ៍


ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃលើកទី២​ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រួចមក លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា រួមជាមួយ លោក វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បានឯកភាពគ្នាដាក់ចេញផែនការធំៗមួយចំនួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា។

កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០១៨កន្លងមក​នេះ ដោយភាគីកម្ពុជា-ថៃ បានឯកភាពគ្នាជាច្រើនចំណុចដូចជា ទី ១ ជំរុញលំហូរទេសចរទស្សនាគ្នាទៅវិញទៅមក ទាំង ទេសចរកម្ពុជា និងទេសចរថៃ ព្រមទាំងទេសចរមកពី ប្រទេសទីបីទស្សនាប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរឯកភាពគ្នា ធ្វើការបន្ថែមទៀតជាមួយភាគីពាក់ពន្ធ័ ដើម្បីសំរួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ ការរៀបចំ សម្បាទា និង ហេដ្ឋារចនាសម្ពន័នានា នៅតាមច្រកទ្វារព្រំដែន ព្រមទាំងបញ្ហាទិដ្ឋាការ និងការប្រើប្រាស់បណ្ណព្រំដែន។ ភាគីទាំងពីរបានលើកគំនិត ធ្វើការបូកសរុបពី ACMECS Single Visa ជូនកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅពេលខាងមុខ។

ទី២ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍៖ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍មួយ» ចូលរួមគ្នាផលិតឯកសារផ្សព្វផ្សាយ video និងការចូលរួមការតាំងពិព័រណ៍ទេសចរណ៍។

ទី៣ ពាក់ព័ន្ធនឹងវិស័យទេសចណ៍នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង ភាគីទាំងពីរបានឯកភាពគ្នាជំរុញខ្សែទស្សនកិច្ចដែលក្រុមជំនាញបានរៀបចំដោយត្រូវរៀបចំអោយមានកិច្ចប្រជុំត្រីភាគី តំបន់ត្រីកោណសមុទ្រកម្ពុជា ថៃ វៀតណាម និងត្រូវជំរុញទេសចរ​ណ៍សមុទ្រ ទេសចរណ៍ តាមនាវា។ ភាគីទាំងពីរក៏បានស្របយេាបល់គ្នាក្នុងការជំរុញ ការតភ្ជាប់ការហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសថៃ ពិសេសភាគខាងត្បូងថៃ និងខេត្តព្រះសីហនុផងដែរ។

ទី៤ ភាគីកម្ពុជាស្នើសុំភាគីថៃពិចារណាជួយផ្ដល់ការបណ្ដុះបណ្ដាលផ្នែកជំនាញទេសចរណ៍ ការគ្រប់គ្រងគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសដល់មន្ទីរទេសចរណ៍នៃខេត្តជាប់ព្រំដែន។ ភាគីថៃបានឆ្លើយតបការជួយជំរុញការងារនេះ ខណៈថៃកំពុងជួយបណ្ដុះបណ្ដាល (តាមរយៈការចុះអនុស្សរណៈជាមួ​យក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យរាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី)។ ទី៥ ភាគីទាំងពីរបានគាំទ្រគ្នា ក្នុងការជំរុញការវិនិយោគលើវិសយ័ទេសចរណ៍។ កម្ពុជាបានអញ្ជើ​ញវិនិយោគិនថៃ ក៏ដូចជាអ្នកពាក់ព័ន្ធខាងភាគីថៃ មកវិនិយោគនៅកម្ពុជា និង ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ និងបុណ្យសមុទ្រ​ដែលរៀប​ចំឡើងជារៀងរាល់ឆ្នាំ។

និងទី៦ អង្គប្រជុំក៏បានអនុម័តផែនការសកម្មភាពរួមសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០១៩-២០២១ (The Joint Action Plan 2019-2021)។

នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់ ក្នុងអត្រាកំណើន១១,៨ភាគរយធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរថៃមានប្រមាណ ៤០ម៉ឺននាក់ រីឯទេសចរកម្ពុជាទៅថៃមានប្រមាណ៨៤ម៉ឺននាក់។ សម្រាប់៨ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៣.៩៤៩.៧៥៩ កើនឡើងចំនួន ១១,៧% ក្នុងនោះទេសចរថៃមានប្រមាណ២១០.៨២៦នាក់៕