រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Kristen Rasmussen នាយកប្រចាំប្រទេសអង្គការ DCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Kristen Rasmussen នាយកប្រចាំប្រទេសអង្គការ DCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងជំនួបនេះ លោកស្រី បានគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីអំពីលទ្ធផលនៃការអនុវត្តគម្រោងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងដែលបានសហការជាមួយក្រសួងបរិស្ថានពាក់ព័ន្ធនឹងទិវាសំអាតបរិស្ថាន​ កិច្ចពិភាក្សាយុវជនអំពីការប្រែប្រួលអាកាសធាតុ​ ទិវាភពផែនដី​ និងការគាំទ្រមួយចំនួនទៀតដល់ក្រសួងបរិស្ថាន។ បន្ថែមពីនេះ លោកស្រី ក៏បានជម្រាបជូនអំពីគម្រោងសកម្មភាពមួយចំនួនទៀតដូចជា​ គម្រោងកម្មវិធីសុវត្ថិភាពស្បៀង ការគ្រប់គ្រងគ្រោះមហន្តរាយ ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ការគ្រប់គ្រងទិន្នន័យកសិកម្ម​ និងផ្តល់ព័ត៌មានជូនប្រជាកសិករ ដើម្បីលើកកម្ពស់ផលិតភាពនៃការផ្គត់ផ្គង់ការនាំចេញ និងការត្រៀមបង្ការសំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន ព្រមទាំងស្នើសុំក្រសួងបរិស្ថានដើម្បីពិនិត្យលទ្ធភាពក្នុងការបន្តកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត។

ជាការឆ្លើយតបក្រសួងបរិស្ថានពិតជាមានក្តីរំភើប និងសូមថ្លែងអំណរគុណចំពោះការរួមចំណែករបស់អង្គការ និងការខិតខំប្រឹងប្រែងនាពេលកន្លងមក តាមរយៈការសហការជាមួយក្រសួង។ឯកឧត្តមរដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា ចំពោះការបន្តកិច្ចសហការនាពេលខាងមុខ​ ភាគីទាំងពីរគួរពិនិត្យចំណុចអាទិភាពដើម្បីរៀបចំឱ្យដល់កម្រិតមួយថ្មីបន្ថែមទៀត ពីព្រោះយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ​ ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ដូច្នេះគម្រោងដែលអាចសហការបន្ត គួរពិនិត្យលើគម្រោងសុវត្ថិភាពស្បៀង គម្រោងចិញ្ចឹមសត្វ ដាំបន្លែសរីរាង្គនៅតាមសហគមន៍មូលដ្ឋាន ការបណ្តុះពូជសត្វនិងរុក្ខាជាតិ​ ដែលមានសក្តានុពល និងការវិនិយោគលើការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារ យុវជន និងប្រជាជន ដែលរស់នៅក្នុងតំបន់ឧទ្យាន តំបន់ការពារ និងតំបន់អភិរក្ស ឱ្យមានជម្រើសក្នុងជីវិត និងងាកទៅប្រកបរបរផ្សេងក្រៅពីការកាប់ឈើ បរបាញ់សត្វ ទន្ទ្រានដីរដ្ឋ និងការបំផ្លាញជីវៈចម្រុះ។ ជាមួយគ្នានេះ ដើម្បីឱ្យគម្រោងកិច្ចសហការបន្តអាចដំណើរការទៅដោយរលូន គួរបង្កើតក្រុមការងាររវាងភាគីទាំងពីរសម្រាប់ពិភាក្សារកចំណុចអាទិភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ ក្រសួងបរិស្ថាន។