ឯកឧត្តម ស៊ុន ចាន់ថុលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសារព័ត៌មាន Thai Rath Newspaper


ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦–កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសារព័ត៌មាន Thai  Rath Newspaper ជួបសម្តែងការគួរសមដែលគណៈប្រតិភូនេះដឹកនាំដោយលោក Somchai KRUSUANSOMBAT អ្នកនិពន្ធជាន់ខ្ពស់នៃសារព័ត៌មានThai Rath Newspaper ក្នុងឱកាសនោះក៏មាន វត្តមានឯកឧត្តម Nuttavudh Photisaro ឯកអគ្គរាជទូតនៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ផងដែរ។
នៅក្នុងជំនួបនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូអំពីកិច្ចសហប្រតិបត្តិការ កន្លងមក និងកំពុងបន្តរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ និងបានកត់សម្គាល់អំពីបញ្ហាសំខាន់ៗមួយចំនួនដែលចាំបាច់ត្រូវដោះស្រាយ ដែលក្នុងនោះរួមមានបញ្ហា ការកាត់បន្ថយថ្លៃឈ្នួលដឹកជញ្ជូន ការអភិវឌ្ឍផ្លូវដែក ការសាងសង់ផ្លូវល្បឿនលឿន និងការធ្វើឱ្យប្រសើរ ឡើងផ្លូវទឹក។ ជាមួយគ្នានេះដែរ ឯកឧត្តមបានស្នើឱ្យគណៈប្រតិភូ ផលិតអត្ថបទរបស់ខ្លួននិយាយអំពីកម្ពុជា ដើម្បីផ្តល់ព័ត៌មានដល់វិនិយោគិនថៃ ឱ្យបានដឹងកាន់តែច្បាស់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និងបរិយាកាស វិនិយោគនៅកម្ពុជា។
ដោយឡែក លោក KRUSUANSOMBATបានសម្តែងការអរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការអភិវឌ្ឍនាបច្ចុប្បន្ននៅកម្ពុជា និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកបានសន្យាថានឹងបញ្ចូលអត្ថបទនិយាយអំពីការអភិវឌ្ឍរបស់កម្ពុជា នៅក្នុងការចេញផ្សាយរបស់ខ្លួន នៅក្នុងសារព័ត៌មាននេះ។
សូមបញ្ជាក់ថា សារព័ត៌មានប្រចាំថ្ងៃ Thai Rath Newspaper ជាសារព័ត៌មានភាសាថៃឈានមុខគេ និងមាន ឥទ្ធិពលបំផុត ដែលបានបោះពុម្ពផ្សាយនៅក្នុងប្រទេសថៃ៕

sun-cha-tol-27-09-2016-3

sun-cha-tol-27-09-2016-2

sun-cha-tol-27-09-2016-5

sun-cha-tol-27-09-2016-4

sun-cha-tol-27-09-2016-6

sun-cha-tol-27-09-2016-7

sun-cha-tol-27-09-2016-1