ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦–កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសារព័ត៌មាន Thai Rath Newspaper ជួបសម្តែងការគួរសមដែលគណៈប្រតិភូនេះដឹកនាំដោយលោក Somchai KRUSUANSOMBAT អ្នកនិពន្ធជាន់ខ្ពស់នៃសារព័ត៌មានThai Rath Newspaper ក្នុងឱកាសនោះក៏មាន វត្តមានឯកឧត្តម Nuttavudh Photisaro ឯកអគ្គរាជទូតនៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ផងដែរ។
នៅក្នុងជំនួបនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូអំពីកិច្ចសហប្រតិបត្តិការ កន្លងមក និងកំពុងបន្តរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ និងបានកត់សម្គាល់អំពីបញ្ហាសំខាន់ៗមួយចំនួនដែលចាំបាច់ត្រូវដោះស្រាយ ដែលក្នុងនោះរួមមានបញ្ហា ការកាត់បន្ថយថ្លៃឈ្នួលដឹកជញ្ជូន ការអភិវឌ្ឍផ្លូវដែក ការសាងសង់ផ្លូវល្បឿនលឿន និងការធ្វើឱ្យប្រសើរ ឡើងផ្លូវទឹក។ ជាមួយគ្នានេះដែរ ឯកឧត្តមបានស្នើឱ្យគណៈប្រតិភូ ផលិតអត្ថបទរបស់ខ្លួននិយាយអំពីកម្ពុជា ដើម្បីផ្តល់ព័ត៌មានដល់វិនិយោគិនថៃ ឱ្យបានដឹងកាន់តែច្បាស់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និងបរិយាកាស វិនិយោគនៅកម្ពុជា។
ដោយឡែក លោក KRUSUANSOMBATបានសម្តែងការអរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការអភិវឌ្ឍនាបច្ចុប្បន្ននៅកម្ពុជា និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកបានសន្យាថានឹងបញ្ចូលអត្ថបទនិយាយអំពីការអភិវឌ្ឍរបស់កម្ពុជា នៅក្នុងការចេញផ្សាយរបស់ខ្លួន នៅក្នុងសារព័ត៌មាននេះ។
សូមបញ្ជាក់ថា សារព័ត៌មានប្រចាំថ្ងៃ Thai Rath Newspaper ជាសារព័ត៌មានភាសាថៃឈានមុខគេ និងមាន ឥទ្ធិពលបំផុត ដែលបានបោះពុម្ពផ្សាយនៅក្នុងប្រទេសថៃ៕