ដំណឹងល្អ : រដ្ឋាភិបាលបង្កើតក្រុមការងារដោះស្រាយបញ្ហាក្តៅនៅក្នុងខេត្តព្រះសីហនុ


ភ្នំពេញ : រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ និងរដ្ឋសភាបានសម្រេចបង្កើតក្រុម​ការងារពិសេសរួមគ្នាមួយដើម្បី ដោះស្រាយបញ្ហាជំលោះដីធ្លីដែលកំពុងកើត​ឡើងនៅ​ក្នុងខេត្តព្រះស៊ីហនុ ខណៈដែលតម្លៃដីធ្លីឡើងថ្លៃ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ​សម្រុកទៅកាន់ទឹកដីនៃខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែច្រើន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់​អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន ណេង ប្រធាន​គណៈកម្មការទី៤នៃរដ្ឋសភានាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះថា មានករណីជាច្រើន​នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យមានភាពរញ៉េរញៃដូចជាអំពើលួចប្លន់ កាប់ចាក់គ្នា និងបញ្ហាដីធ្លី បញ្ហាគ្រឿងញៀនជាដើម ដែលបាននិងកំពុងកើតឡើងនៅខេត្តនេះ ហើយបានធ្វើឲ្យប្រជាពលរដ្ឋសមួយចំនួនម្តែងការព្រួយបារម្ភខ្លាំង និងករណីខ្លះបាន​ធ្វើឲ្យអាជ្ញាធរពិបាកដោះស្រាយ ដូច្នេះរដ្ឋាភិបាល និងរដ្ឋសភា សម្រេចបង្កើតក្រុម​ការងារ ដើម្បីដោះស្រាយរាល់បញ្ហាទាំងនោះ។

សម្តេចបន្តថា “នៅពេលមានវិយោគទៅកាន់តំបន់នោះ បញ្ហាដីធ្លីក៏ឡើងថ្លៃ ហើយ​ជំលោះដីធ្លីមានរឿងច្រើន ដូច្នេះយើងត្រូវខិតខំដើម្បីដោះស្រាយបញ្ហាហ្នឹង ហើយ​អជ្ញាធរ​​ក៏គាត់មានលទ្ធភាពដោះស្រាយហើយ តែយើងគ្រាន់តែចូលរួមយោបល់”។ សម្តេចបន្ត ថា“ដោយសារមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ ទើបពួកគេមិន​ចង់​ទៅលេងកំសាន្តហ្នឹងហើយ ទើបយើងបង្កើតក្រុមការងារចុះទៅដោះស្រាយ​បញ្ហានានានៅទីនោះ”។

តែយ៉ាងណាក៏ដោយសម្តេចក្រឡាហោមបានបញ្ជាក់ទៀតថា រាល់បញ្ហាទាំងអស់នោះ​វា​មិនទាន់ធ្ងន់ធ្ងរខ្លាំង រហូតដល់ថ្នាក់មិនអាចដោះស្រាយបាននោះទេ ។ បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋរិះគន់ជាបន្តបន្ទាប់ ថាមានបទល្មើសច្រើន មានភាព​រញ៉េរញ៉ៃដែលកើតឡើង អំពើលួចប្លន់ គ្រឿងញៀន បញ្ហាបរិស្ថាន និងជម្លោះ​ដីធ្លីខណៈដីកាន់តែឡើងថ្លៃ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុត្រូវបានគេមើលឃើញថា បាននិងកំពុងមាន​សន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យ ដែលមានគម្រោងជាច្រើន ដូចជា ខុនដូ​សណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូបានបង្ហាញខ្លួន។ បន្ថែមពីនេះ ខេត្តដែលឆ្នេរស្អាតនេះ កំពុងតែមានការកើនឡើងនូវគម្រោង និងការអភិវឌ្ឍន៍ជាច្រើនពីគ្រឹះសេដ្ឋកិច្ចចម្បង រួមមាន ទេសចរណ៍ ប្រេង និងកំពង់ផែ៕