ភ្នំពេញ : ស្របពេលតម្រូវការខុនដូភាគច្រើននៅកម្ពុជា កំពុងមានប្រជាប្រិយភាពសំរាប់ជនបរទេស អ្នកជំនាញអះអាងថា ប្រជាពលរដ្ឋខ្មែរនឹងជ្រើសរើសរស់នៅខុនដូជាជម្រើស សម្រាប់លំនៅដ្ឋានទី២របស់ពួកគេ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ តុលានេះថា បច្ចុប្បន្នប្រជាជនកម្ពុជាជ្រើសរើសផ្ទះវីឡា ឬផ្ទះល្វែង ឬផ្ទះអាជីវកម្មជាជម្រើសទី១ ប៉ុន្តែនាពេលអនាគតឬមួយទសវត្សរ៍ខាងមុខ ទីក្រុងកាន់តែចង្អៀត ហេតុនេះអ្នកនាងយល់ថា ប្រជាពលរដ្ឋខ្មែរនឹងទិញខុនដូសំរាប់លំនៅដ្ឋានទី២របស់ពួកគេ ព្រោះការរស់នៅខុនដូមានភាពងាយស្រួល ផាសុខភាព សន្តិសុខល្អ និងជាពិសេសជិតកន្លែងធ្វើការរបស់ពួកគេ។ អ្នកនាងបន្តថា “ខុនដូដែលមានតម្លៃមធ្យម ហើយនៅទីប្រជុំជនក្រុងនឹងមានប្រជាប្រិយភាព ហើយអ្នកវិនិយោគក្នុងស្រុកនឹងចាប់ផ្តើមគិតពីគំរោងវិនិយោគបែបនេះ”។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា កាលពីឆ្នាំ២០០៨ នៅទីក្រុងភ្នំពេញមានខុនដូចំនួន១៧៤យូនីតប៉ុណ្ណោះ និងវិនិយោគដោយជនជាតិកូរ៉េ ប៉ុន្តែបច្ចុប្បន្នមានខុនដូ១២,០០០យូនីតក្នុងទីផ្សារ និងខុនដូជាច្រើនម៉ឺនយូនីតទៀតបាននិងកំពុងសាងសង់ ខណៈក្រុមហ៊ុនអន្តរជាតិចូលមកវិនិយោគក្នុងវិស័យនេះមានកាន់តែច្រើនដូចជា មកពីម៉ាឡេស៊ី សឹង្ហបុរី ជប៉ុន ម៉ាឡេស៊ី កូរ៉េជាដើម។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងស្រដៀងគ្នាថា ជម្រើសខុនដូបច្ចុប្បន្ន៨០ភាគរយ ត្រូវបានទិញនិងវិនិយោគដោយជនបរទេស ប៉ុន្តែសម្រាប់រយៈពេល១០ឆ្នាំខាងមុខ ចំនួននេះនឹងបញ្រ្ចាសត្រលប់មកវិញ មានន័យថា ប្រជាជនកម្ពុជានឹងសម្រេចចិត្តរស់នៅខុនដូជំនួសវិញ។ ហេតុនេះអ្នកវិនិយោគចិន ដែលវិនិយោគគំរោងធំៗនៅទីនេះ ពួកគេមើលឃើញនិន្នាការប្រែប្រួលចំពោះមុខ ខណៈតម្លៃដីធ្លីមានភាពសមរម្យនាពេលបច្ចុប្បន្ន វាជាពេលវេលាសមស្របសម្រាប់ពួកគេចូលមកអភិវឌ្ឍន៍។ អ្នកនាងបន្តថា “បើពួកគេយឺតជាងនេះ ពួកគេនឹងយឺតពេល ព្រោះតម្លៃដីធ្លីកើនខ្ពស់ហើយទីផ្សារកាន់តែមានភាពប្រកួតប្រជែងខ្លាំង”។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Soluction បានរកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៤,៥លាននាក់នៅឆ្នាំ២០៣០ ហេតុនេះខុនដូនឹងជាជម្រើសរបស់ពួកគេ ដោយសារកំនើននៃការកកស្ទះចរាចរណ៍ កំនើនតម្លៃអចលនទ្រព្យ ពិសេសផ្ទះក្នុងទីក្រុង ពិសេសការរីកចម្រើននៃបច្ចេកវិទ្យាអាចជួយសម្រួល ក៏ដូចជាធ្វើឲ្យបែបផែនជីវិតមានការផ្លាស់ប្តូរ៕