ថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូជប៉ុន ដឹកនាំដោយលោក Yogo Kanda អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Mitsubishi Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។
លោក Yogo Kanda បានគោរពជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីគោលបំណងនៃការរៀបចំកម្មវិធី « ភ្នំពេញទីក្រុងស្អាត» រៀបចំឡើងដោយមានការចូលរួមសហការគ្នាពីប្រជាជនជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីសំអាតទីក្រុង លើកស្ទួយសោភណ្ឌភាព និងការអប់រំផ្តួចផ្តើមតាមបទពិសោធន៍ជប៉ុន នៅតាមគោលដៅសាធារណៈមួយចំនួន ដោយមានការចូលរួមសហការពីរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនជប៉ុនមួយចំនួន ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រគំនិតផ្តួចផ្តើមនេះ និងបានលើកឡើងថា ការគិតគូពីការងារគ្រប់គ្រងសំរាម និងកាកសំណល់ត្រូវគិតលើសពីនេះ តាមមធ្យោបាយថ្មី និងជម្រើសថ្មី ស្របតាមបច្ចេកវិទ្យាទំនើបដែលលទ្ធភាពយើងអាចធ្វើបាន។ ជាក់ស្តែងបច្ចុប្បន្នក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់កម្រិតគោលនយោបាយក្នុងការរៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងកាកសំណល់ ការរៀបចំក្រុង ការរៀបចំទីលានចាក់សំរាម ជំរុញការកែច្នៃនិងការប្រើប្រាស់ឡើងវិញ តាមរយៈការសហការជាមួយក្រុមហ៊ុនទទួលទិញអេតចាយ ក្រុមហ៊ុនវិនិយោគ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យសុខភាព សោភណ្ឌភាព និងវិបុលភាពនៃការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ យន្តការដែលបានដាក់ចេញតែមួយមិនអាចដោះស្រាយបញ្ហានេះបាននោះទេ ប៉ុន្តែត្រូវខិតខំធ្វើឱ្យកំណើនសេដ្ឋកិច្ចបន្តកើនឡើងដោយចីរភាព និងត្រូវអប់រំប្រជាជន ជាពិសេសកុមារតូចៗឱ្យមានការបណ្តុះបណ្តាលល្អ ផ្លាស់ប្តូរផ្នត់គំនិត និងមានវិន័យនៅក្នុងការប្រើប្រាស់ និងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ នោះហើយជាបំណងប្រាថ្នារបស់យើង។ ទន្ទឹមនឹងនេះ ដោយសារជប៉ុនជាប្រទេសជឿនលឿន បច្ចេកវិទ្យាទំនើប និងបានរៀបចំទីក្រុងបានល្អ ដូច្នេះអាចបន្តចែករម្លែកបទពិសោធន៍ និងបច្ចេកវិទ្យាក្នុងការគ្រប់គ្រងកាកសំណល់មកកម្ពូជា និងប្រជាជនកម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។